(ភ្នំពេញ)៖ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ពុំបានប្រកាសសាលាក្រមសំណុំរឿង លោក ឡាយ វណ្ណ: និងបក្ខពួក នៅថ្ងៃទី២២ ខែសីហានេះទេ ដោយបានសម្រេចលើកពេលប្រកាសសាលក្រមទៅថ្ងៃខាងមុខ ដោយមិនទាន់កំណត់ពេល។ នេះបើតាមការបញ្ជាក់ពីមន្រ្តីតុលាការជាន់ខ្ពស់ បានប្រាប់ដល់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃនេះ។
មូលហេតុ ដែលនាំឱ្យមានការលើកពេលលើការប្រកាសសាលាក្រមនេះ ត្រូវបានមន្រ្តីតុលាការបញ្ជាក់ថា ដោយសារសំណុំរឿងនេះ មានកាស្មុគស្មាញច្រើន នាំឲ្យក្រុមប្រឹក្សាពិបាកក្នុងការសម្រេច ហេតុដូច្នេះ តុលាការលើកពេលទៅប្រកាសនៅពេលក្រោយ។
ជនជាប់បទចោទនៅក្នុងសំណុំរឿងនេះ រួមមាន៖ ឈ្មោះ ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ, ឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ (បងប្រុសលោក ឡាយ វណ្ណៈ) ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្ម ចំណែកឈ្មោះ ម៉េន សាម៉ៃ និង ជឹម វុធ ត្រូវបានតុលាការចោទប្រកាន់ពីលាក់កំបាំងតម្រុយ។
សូមរំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ដែលជានារីកំណាន់របស់លោក ឡាយ វណ្ណៈ ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញ របស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។
ក្រោយពីបើកការស៊ើបអង្កេតសមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង៤នាក់ ខាងលើនេះ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់តែម្តង៕