(ភ្នំពេញ)៖ បើនិយាយអំពីនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ដែលយើងគ្រប់គ្នាបានតាមដាន គឺមួយជីវិតនេះ គ្មានឡើយពាក្យថា ជោគជ័យ។ គ្មានជោគជ័យ ដោយសារតែគ្មានសមត្ថភាព គ្មានអ្វីក្រៅពីញុះញង់ បញ្ជេះកំហឹង បង្កាត់ភ្លើងសង្រ្គាម មួលបង្កាច់ និងភូតកុហក ទាំងនេះហើយដែលទណ្ឌិត សម រង្ស៊ី តែងតែបរាជ័យរកលេខដាក់គ្មាន រហូតដល់សកម្មភាពខ្លះ របស់ទណ្ឌិតម្នាក់នេះ បានបង្ហាញឲ្យអ្នកតាមដាននយោបាយ និងប្រជាពលរដ្ឋឃើញច្បាស់ថា ឈានដល់មានបញ្ហាខួរក្បាល ធ្វើសកម្មភាពឆ្កួតៗ និយាយឆ្កួតៗ ប៉ុន្តែរឿងលុយដែលដើរបោក ពីក្រុមមួយចំនួនរបស់ទណ្ឌិត សម រង្ស៊ី មិនទាន់ឆ្កួតទេ គឺប្រមូលដាក់ហោប៉ៅ ព្រោះដើរបោករកលុយតាមរយៈមូលនិធិ ដែលជាអាជីពមុខរបបររបស់ទណ្ឌិតម្នាក់នេះ។
សកម្មភាពដ៏ស្មោគរោគចេតនាបង្កើតបដិវត្តព័ណ៌ ដើម្បីរុញកម្ពុជាឲ្យឆេះ បំផ្លាញសន្តិភាព គឺដក់ជាប់ក្នុងខួរក្បាលទណ្ឌិតម្នាក់នេះ ព្រោះភាពអស់សង្ឃឹម គ្មានអ្នកគាំទ្រ ខ្លួនមានទោសរុំពេញខ្លួនច្រើន ដោយបទល្មើស ដូច្នេះគ្មានវាសនាបានអំណាចនោះទេ អញ្ចឹងហើយបានជាទណ្ឌិតម្នាក់នេះ ចង់បំផ្លាញភាពសុខសាន្តប្រជាជន និងជាតិកម្ពុជាទាំងមូលតែម្តងពោល គឺព្យាយាមហួចហៅខ្យល់ ដើម្បីឲ្យកម្ទេចភ្លើងរីករាលដាល កាន់តែធំចេតនាបំផ្លាញកម្ពុជា។
តាមរយៈចេតនាអាក្រក់ទណ្ឌិតម្នាក់នេះ ធ្លាប់បានប្រើដើម្បីបង្កាត់រងើកភ្លើងបំផ្លាញកម្ពុជា ក៏ប៉ុន្តែបរាជ័យរហូតនោះ មានដូចជា៖
*ទី១៖ ទណ្ឌិត សម រង្ស៊ី យកបងប្អូនកម្មករ-កម្មការិនី ដើម្បីជាដើមទុននយោបាយ និងបម្រើឧបាយកលធ្វើបាតុកម្មហិង្សាខុសច្បាប់ រហូតដល់បង្កើត បទល្មើសដាក់ខ្លួន។ បន្ទាប់មកតុលាការកំពូលរំលាយបក្សសង្គ្រោះជាតិ គ្មានប្រជាជនឈឺឆ្អាល។ ឥឡូវនេះ សម រង្ស៊ី បោកប្រាស់បងប្អូនកម្មករ-កម្មការិនី លែងបានទៀតហើយ ព្រោះកម្មករទទួលបានការងារធ្វើ ប្រាក់បៀវត្សចាប់ផ្តើមកើនឡើង រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ពីរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន។
*ទី២៖ សម រង្ស៊ី និងគូកននឹកឃើញវិធីបោកប្រាស់ ប្រមូលលុយពីប្រជាជនថា យកទៅធ្វើទូរទស្សន៍ព្រះអាទិត្យ ក្រោយពីបានលុយហើយ មិនឃើញបើកទូរទស្សន៍ទេ ចែកលុយគ្នាចាយមិនត្រូវគ្នា រហូតក្តៅក្រហាយផ្ទៃក្នុង ឲ្យបែកបាក់គ្នាខ្ចាត់ខ្ចាយ។
*ទី៣៖ សម រង្ស៊ី បានក្បត់ផ្ទៃក្នុងគ្នាឯង ធ្វើបក្សប្រហារនៅក្នុងខែធ្នូ ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក បន្ទាប់ពីការប្រើល្បិចបង្កើត «ចលនាសង្គ្រោះជាតិ» មិនបានជោគជ័យ។ ពេលនោះនាង កឹម មនោវិទ្យា ជាកូនស្រីលោក កឹម សុខា បានលាតត្រដាងអំពីការឈឺចាប់របស់ខ្លួន អំពីការបោកប្រាស់ និងការធ្វើបក្សប្រហារនេះ។
*ទី៤៖ សម រង្ស៊ី ដើរអួតថា ពេលសម្តេចតេជោទៅអូស្រ្តាលី ប៉ូលីសអូស្ត្រាលីនឹងចាប់ សម្តេច ហ៊ុន សែន ហើយប្រជាជនខ្មែរ នឹងបាតុកម្មប្រឆាំងសម្តេច ហ៊ុន សែន មិនឲ្យចូលអូស្រ្តាលី តែដល់ពេលសម្តេចតេជោ ទៅដល់អូស្រ្តាលី បែរជារដ្ឋាភិបាលអូស្រ្តាលី ក្រាលព្រំក្រហមទទួលស្វាមន៍វត្តមានសម្តេច ព្រមទាំងមានក្បួនរថយន្តដឹកការពារសម្តេចតេជោ ប្រកបដោយកិត្តិយសបំផុត ហើយប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បានមកស្វាគមន៍ជួបសម្តេចតេជោ យ៉ាងសប្បាយ។ សម រង្ស៊ី បរាជ័យ បាត់មុខស្ងាត់ជ្រាបពេលនោះ។
*ទី៥៖ សម រង្ស៊ី ប្រកាសថា ពលរដ្ឋខ្មែរជាច្រើននៅអឺរ៉ុប នឹងបាតុកម្មប្រឆាំងសម្តេច ហ៊ុន សែន ពេលសម្តេចអញ្ជើញទៅប្រទេសប៊ែលហ្សិក ប្រជុំនៅសហភាពអឺរ៉ុប តែពេលនោះប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បានមកស្វាគមន៍ជួបសម្តេចតេជោយ៉ាងសប្បាយ និងក្តីនឹករលឹក។ សម រង្ស៊ី បរាជ័យ បាត់មុខស្ងាត់ជ្រាបទៀតពេលនោះ។
*ទី៦៖ នៅឆ្នាំ២០១៩នេះ សម រង្ស៊ី ប្រកាសថា ពេលសម្តេច ហ៊ុន សែន អញ្ជើញទៅប្រទេសស្វីស ប្រជាជននៅអឺរ៉ុប នឹងមកបាតុកម្មប្រឆាំង ពេលនោះបែរជា ប្រជាជនខ្មែររស់នៅ អង់គ្លេស បារាំង ស្វីស ប៊ែលហ្សិក អាឡឺម៉ង់ អូស្រ្តាលីបាននាំគ្នាជិះយន្តហោះ ទៅគាំទ្រសម្តេចតេជោ រាប់ពាន់នាក់។ សម រង្ស៊ី បរាជ័យការភូតនេះបាត់មាត់ជ្រាប។
*ទី៧៖ សម រង្ស៊ី យកការប្រកាសវិលចូលស្រុក ជាវិធីបោកប្រាស់ ដើម្បីតែប្រមូលលុយទុកជាផលប្រយោជន៍ផ្ទាល់។ តាមរយៈវិធីនេះ ហើយចាប់តាំងពី ឆ្នាំ២០១៦មកគឺ សម រង្ស៊ី ប្រកាសរាប់ភ្លេចថា នឹងវិលចូលស្រុកវិញ តែមកដល់ឆ្នាំ២០១៩នេះ គឺ សម រង្ស៊ី នៅផ្ទះស្រុកបារាំងនៅឡើយ។ ការប្រកាសថា ចូលស្រុក គឺពេលដែលប្រមូលលុយមូលនិធិ ព្រោះមានតែពាក្យថាចូលស្រុកទេទើបរកលុយបាន។ ឥឡូវគេអស់ជំនឿរកលុយលែងបានដូចមុន។
*ទី៨៖ សម រង្ស៊ី ព្យាយាមបញ្ជេះញុះញ៉ង់កងកម្លាំងប្រដាប់អាវុធ ឲ្យធ្វើបដិវត្តន៍ពណ៌បំផ្លាញជាតិឯង។ សម រង្ស៊ី ស្គាល់ទឹកចិត្តប្រជាជនកម្ពុជាតិចពេក ស្គាល់ទឹកចិត្តកងកម្លាំងប្រដាប់អាវុធកម្ពុជាតិចពេក ចុងក្រោយកងកម្លាំងរង់ចាំអនុវត្តច្បាប់ចាប់ សម រង្ស៊ី ចូលគុក។
*ទី៩៖ ការហួចហៅខ្យល់ ដើម្បីឲ្យរងើកភ្លើងក្លាយ ជាអគ្គិភ័យពីសំណាក់ សម រង្ស៊ី បានអួតតាមរលកធាតុអាកាស បណ្តាញសង្គម Facebook ដើម្បីឲ្យសាធារណជនយល់ច្រឡំថា កម្ពុជា នឹងឯកោគ្មានប្រទេសណាចាប់ដៃជាមួយកម្ពុជាឡើយ ប្រសិនបើសម្តេច ហ៊ុន សែន ដឹកនាំ តែជាក់ស្តែងបណ្តាប្រទេសនានា តែងចង់មានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងអញ្ជើញសម្តេច ហ៊ុន សែន ទៅទស្សនកិច្ច និងថ្លែងបង្ហាញគន្លឹះ នៃការដឹកនាំប្រទេសពីសំណាក់សម្តេចទៀតផង។ រឿងនេះ សម រង្ស៊ី បរាជ័យទៀត រហូតដល់គ្មានមេដឹកនាំប្រទេសណាលើកឈ្មោះ សម រង្ស៊ី ផង។
ទាំងនេះជាចំណុចសង្ខេបផងអំពីឧបាយកលរបស់ទណ្ឌិត សម រង្ស៊ី ដែលជាឧបាយកលដ៏ស្មោគរោគចង់ដុតកម្ពុជា និងសេចក្តីសុខកម្ពុជា គោលបំណងសងសឹក និងដើរតាមគន្លងក្បត់ជាតិ តាមឪពុករបស់ខ្លួន។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកម្ពុជា ពិតជាមានសំណាងណាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ការពារ នៅក្បែរប្រជាជន មិនមានប្រវត្តិរត់ចោលប្រជាជន រួមសុខរួមទុក្ខ ជាមួយប្រជាជន យកជីវិតជាដើមទុករំដោះជាតិកម្ពុជា នាំសេចក្តីសុខជូនប្រជាជនកម្ពុជាពីដើមរៀងមក។
យើងជាប្រជាជនកម្ពុជា ត្រូវចាំប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី និងរួមគ្នា សាមគ្គីគ្នាដើម្បីអនាគតកម្ពុជា និងកូនចៅខ្មែរជាបន្តទៀត តាមរយៈមិនត្រូវឲ្យរងើកភ្លើងតូច ក្លាយជាអគ្គិភ័យឡើយ ដូច្នេះរាល់សកម្មភាពរបស់ក្រុមឧទ្ធាម ដែលចង់បំផ្លាញកម្ពុជាត្រូវបានរាជរដ្ឋាភិបាល យកច្បាប់ជាធំមកពន្លត់បានទាន់ពេលវេលា នោះហើយជាជោគជ័យរបស់ខ្មែរយើងទាំងមូល៕
ដោយ៖ ជា ច័ន្ទបរិបូរណ៍