(ភ្នំពេញ)៖ ឧកញ៉ាស្រី សុធា ជាឪពុកមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ជាកូនមានតួនាទីជានាយកក្រុមហ៊ុន 7NG ដែលមានដីពុះឡូត៌លក់ធំជាងគេ នៅតំបន់វិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទ ប្រកាន់ពីបទឆបោកពាក់ព័ន្ធ ទៅនឹងសំណុំរឿងព្រហ្មទណ្ឌចំនួន២ ដែលជនរងគ្រោះប្ដឹងចោទប្រកាន់ថា លក់ដីឲ្យពួកខ្លួនប្រគល់លុយឲ្យហើយ តែមិនមានដីឲ្យពួកខ្លួនទៅវិញ។
ករណីទី១៖ យោងតាមដីកាសន្និដ្ឋានបញ្ជូលរឿងឲ្យស៊ើបសួរ លេខ៣៧៣ អ.យ.ក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើ ឧកញ៉ា ស្រី សុធា ភេទប្រុស អាយុ៦១ឆ្នាំ មានតួនាទីជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ភេទប្រុស អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុន 7NG ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨-២០១៩ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ លោក កែវ សុធា ក្នុងនាមជាតំណាងអយ្យការ ក៏បានស្នើសុំឲ្យចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាចាប់ និងឃុំខ្លួនក្រុមជនត្រូវចោទទាំង២នាក់ខាងលើ ដើម្បីបង្ការ ឬបញ្ចប់បទល្មើស កុំឲ្យកើតឡើងសារជាថ្មី និងដើម្បីធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី។
ដីកាដដែលនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៨ ជនរងគ្រោះឈ្មោះ ឈុន ណាវី ភេទស្រី អាយុ៣៨ឆ្នាំ បានទិញដី ទំហំ១ម៉ឺនម៉ែត្រការ៉េ (១ហិកតា) ដោយមានក្បាលដីប្រវែង៥០ម៉ែត្រ គុណនិងបណ្តោយប្រវែង២០០ម៉ែត្រ ពីក្រុមជនត្រូវចោទទាំង២នាក់ខាងលើ ប៉ុន្តែអស់រយៈពេលជាង១០ឆ្នាំ មកហើយដែលជនរងគ្រោះមិនបានទទួលដីពីក្រុមហ៊ុន 7NG។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ឧកញ៉ា ស្រី សុធា និងកូនប្រុស គឺឧកញ៉ា ស្រី ចន្ធូ ជានាយកក្រុមហ៊ុន 7NG នេះ បន្ទាប់ពីពួកគេគេចវេសមិនព្រមចូលឆ្លើយបំភ្លឺ តាមដីកាកោះហៅរបស់តំណាងអយ្យការ ចំនួន២លើករួចមកហើយ។
ករណីទី២៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់ ឧកញ៉ា ស្រី សុធា
នាយកក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ចន្ធូ អ្នកចាត់ការទូទៅក្រុមហ៊ុន 7NG ពីបទ «ឆបោក» ពាក់ព័ន្ធការលក់ដីឡូតិ៍ ចំនួន៧ឡូតិ៍ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ិន សុភ័ក្ត្រ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ចេញដោយលោកព្រះរាជអាជ្ញារង ផ្លង់ សុផល បានសម្រេចចោទប្រកាន់ឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៩ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ទាំងសំណុំររឿងទី១ និងសំណុំរឿងទី២ ស្រដៀងគ្នា គឺក្រុមហ៊ុនលក់ដីឲ្យអតិថិជនរាប់ឆ្នាំមកហើយ តែពេលអតិថិជនត្រូវការដីដែលខ្លួនបានទិញ បែរជាក្រុមហ៊ុនគ្មានដីឲ្យអតិថិជនទៅវិញ។
ពាក់ព័ន្ធករណីសំណុំរឿងប្ដឹងចោទប្រកាន់ខាងលើនេះ ឧកញ៉ា ស្រី ចន្ធូ ធ្លាប់បានអះអាងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រុមហ៊ុននឹងអញ្ជើញម្ចាស់បណ្ដឹងមកជួបដើម្បីចរចាគ្នាហើយ តែលទ្ធផលយ៉ាងណានោះគេនៅមិនទាន់ដឹងឡើយ៕