(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ដោយបញ្ជាក់ថា ដើម្បីបន្ដរក្សាបាននូវស្ថិរភាពថ្លៃ និងគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព គណៈកម្មាធិការគោនយោបាយរូបិយវត្ថុ សម្រេចបន្ដអនុវត្តគោនយោបាយរូបិយវត្ថុ៥ចំណុច។
សេចក្តីជូនដំណឹងបញ្ជក់ថា កិច្ចប្រជុំគណៈកម្មាធិការគោនយោបាយរូបិយវត្ថុលើកទី៤៨ ក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការគោនយោបាយរូបិយវត្ថុ។ អង្គប្រជុំបានពិភាក្សាលើបច្ចុប្បន្នភាពនៃ ស្ថានភាពសេដ្ឋកិច្ចពិភពលោកវឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងគោលនយោបាយរូបិយវត្ថុ សម្រាប់អនុវត្តនាគ្រាខាងមុខ។
ក្នុងនោះគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានសម្រេចបន្ដអនុវត្តគោលនយោបាយរូបិយវត្ថុ ចំនួន៥រួមមាន៖
១៖ បន្ដរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ដោយប្រកាន់យករបបអត្រាប្ដូរប្រាក់ដែលមានស្ថិរភាព តាមរយៈការធ្វើអន្ដរាគមន៍ផ្អែកលើការប្រែប្រួលនៃទីផ្សារ។
២៖ បន្ដរក្សាការផ្គត់ផ្គង់សន្ទនីយភាពជាប្រាក់រៀល សម្រាប់បំពេញតម្រូវការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
៣៖ ដាក់ឲ្យអនុវត្តឧបករណ៍ផ្ដល់សន្ននីយភាពរយៈពេលខ្លី (MLF) នៅត្រីមាសទិ៤ ឆ្នាំ២០១៩។
៤៖ បន្ដលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនពីសារៈសំខាន់ និងតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ច និងសង្គម។
៥៖ ពង្រឹងការអនុវត្តប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្ដីពី ការតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានប្រាក់កម្ចីយ៉ាងហោច១០%ជាប្រាក់រៀល នៅដំណាច់ឆ្នាំ២០១៩នេះ៕