(ភ្នំពេញ)៖ លោក ហ្គីលប៊ែត អេហ្វ ហ៊ូងបូ ប្រធានមូលនិធិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានកោតសរសើរ នូវការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន និងការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីវឌ្ឍនភាពសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែសីហានេះ។
ការផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នេះធ្វើឡើងបន្ទាប់ពីលោក ហ្គីលប៊ែត អេហ្វ ហ៊ូងបូ ទទួលបានការអនុញ្ញាតចូល សម្តែងការគួរសមនាឱកាសដំណើរទស្សកិច្ចរបស់លោក មកកាន់កម្ពុជាកាលពីពេលថ្មីៗកន្លងមកនេះ។
លោកប្រធានមូលនិធិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មបានកោតសរសើរនូវកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់ របស់កម្ពុជា ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ជាមួយនឹងកំណើនប្រចាំឆ្នាំជាមធ្យម ៧.៥ភាគរយ ដែលកំណើននេះ បាននាំមកជាមួយការកាត់បន្ថយភាពក្រីក្រ ដ៏មានសារសំខាន់ ហើយនេះជាសក្ខីភាពបញ្ជាក់ពី ការដឹកនាំដ៏ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីវឌ្ឍនភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
លោក ហ្គីលប៊ែត អេហ្វ ហ៊ូងបូ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវការគោរពចំពោះមគ្គុទេសក៏ដឹកនាំរបស់សម្តេចតេជោ និងភាពជាអ្នកដឹកនាំជាតិក្នុងរយៈពេលច្រើនទស្សវត្សមកនេះ ដោយយកចិត្តទុកដាក់ចំពោះកម្មវិធីនៃមូលនិធអន្តរជាតិ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីម្នាក់ ខ្ញុំសូមកោតសរសើរយ៉ាងពេញទំហឹងនូវសារៈសំខាន់នៃភាពជាម្ចាស់ប្រទេស ចំពោះកម្មវិធីហិរញ្ញប្បទានបរទេសទាំងអស់»។
ខាងក្រោមនេះជាលិខិតរបស់ប្រធានមូលនិធិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៖