(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់ប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អះអាងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចបានជួបទូរស័ព្ទចរចាដោយផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រីឡាវ លោក ថងលូន ស៊ីស៊ូលីត ដើម្បីឲ្យកងទ័ព នៃប្រទេសទាំងពីរ ដកចេញពីតំបន់ព្រំដែនស្ថិតនៅមុំបី ហើយសម្ដេចអះអាងទៀតថា រហូតមកដល់ពេលនេះ ស្ថានភាពនៃកងទ័ពនៃប្រទេសទាំងពីរ មិនមានភាពតានតឹងនោះទេ ផ្ទុយពីការលើកឡើង ក៏ដូចជាសេចក្ដីរាយការណ៍មួយចំនួន។
ថ្លែងផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលកំពុងស្ថិតនៅមហាកំពែងចិន, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹកមិញវេលាម៉ោង៩ ខ្ញុំបានជួបផ្ទាល់ទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តី ឯកឧត្តម ថងលូន ស៊ីស៊ូលីត ដោយមានការចរចាល្អ និយាយជាមួយគ្នាដោយរីករាយ ហើយសម្រេចឲ្យកងទ័ព នៃប្រទេសទាំង២ ដកចេញពីតំបន់មុំបី ដែលមិនទាន់ដោះស្រាយចប់ និងបន្តជួបចរចាគ្នាទៀត ហើយរហូតមកដល់ពេលនេះ មិនមានភាពតានតឹងនោះទេ ដោយកងទ័ពរបស់យើងទំាង២ នៅជាមួយគ្នា ស៊ីបាយជាមួយគ្នា ដូច្នេះសូមប្រជាពលរដ្ឋ របស់យើងទាំងអស់ កុំមានការបារម្ភឲ្យសោះ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា នៅពេលពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ នាយករដ្ឋមន្ដ្រីឡាវ នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាបន្ថែម ទៅលើបញ្ហាព្រំដែនដែលនៅសេសសល់នេះទៀតផង។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានការយល់ច្រឡំមួយចំនួនរវាងកងទ័ពកម្ពុជា និងឡាវ ដែលនាំឱ្យមានការបញ្ជូនកម្លាំងទៅកាន់តំបន់ព្រំដែននៅមុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បន្ទាប់ពីមានការយល់ច្រឡំបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីស៊ូលីត និងបានឈានទៅការចរចាដកកងទ័ពរៀងៗខ្លួន ចេញពីតំបន់ព្រំដែន ធ្វើឱ្យស្ថានការណ៍នៅព្រំដែនបានត្រឡប់មកភាពប្រក្រតីផងដែរ៕