(ភ្នំពេញ)៖ សមត្ថកិច្ចមួយក្រុម នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បានយកលិខិតជូនដំណឹងរបស់តុលាការ ទៅបិទនៅផ្ទះរបស់ លោក សម រង្ស៉ី នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីការបញ្ចប់នីតិវិធីស៊ើបសួរ ហើយបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ពាក់ព័ន្ធនឹងករណីប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News។
លិខិតជូនដំណឹងនេះ ចេញដោយ លោក កូយ សៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីបានបញ្ជូនសំណុំរឿងទៅជំនុំជម្រះ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។
មន្រ្តីតុលាការ បាននិយាយថា ក្នុងសំណុំរឿងនេះ លោក សម រង្ស៉ី ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស រួមមាន បទប្រមាថ និងបទញុះញង់ឲ្យប្រព្រិតបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទបានប្រព្រឹត្តបទល្មើសក្នុងកំឡុងខែមេសា ដល់ តុលា ឆ្នាំ២០១៨។ ពាក់ព័ន្ធនឹងសំណុំរឿងនេះ ជនត្រូវចោទមាន៤នាក់ ក្នុងនោះមាន លោក សម រង្សុី , លោក គង់ ម៉ាស់ លោក ហូ វ៉ាន់ និងកាក់ កុម្ភារ។
មន្រ្តីដដែលបាននិយាយថា រហូតមកដល់ពេលនេះ មានសំណុំរឿងមួយចំនួនទៀតរបស់ លោក សម រង្ស៉ី កំពុងស្ថិតនៅដំណាក់កាលស៊ើបសួរនៅឡើយទេ។
លោក គង់ ម៉ាស់ អតីតសកម្មជនក្រុមប្រឆាំង រស់នៅភូមិខ្លាលោតឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ហើយត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ ពីបទប្រមាថ និងបទញុះញង់ឲ្យបង្កចលាចល។ ខណៈដែលជនត្រូវចោទ៣នាក់ផ្សេងទៀត លោក សម រង្សុី , លោក ហូ វ៉ាន់ និងកាក់ កុម្ភារ កំពុងគេចខ្លួននៅឡើយ។
បើតាមរបាយការណ៍សមត្ថកិច្ច, ក្រោយការចាប់ខ្លួនអតីតសកម្មជនក្រុមប្រឆាំងនេះ សមត្ថកិច្ចបានរកឃើញមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលតាមបញ្ជារបស់បុគ្គល សម រង្សី៕