(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ, លោកស្រី Elena EDGAR ភរិយាលោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលចប់អាណត្តិ បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេស ការជួយកាត់បន្ថយ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញ ពីការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ជាងនេះទៀត លោកស្រី Elena EDGAR ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះសកម្មភាពមនុស្សធម៌របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានលះបង់ និងពុះពារការលំបាកទាំងអស់ ក្នុងការកៀរគរថវិកា និងចុះទៅសួរសុខទុក្ខស្វែងយល់ពីក្ដីលំបាករបស់ប្រជារាស្រ្ដ ដែលងាយរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេសដោយផ្ទាល់ ដើម្បីធ្វើយ៉ាងណាសង្គ្រោះពលរដ្ឋឱ្យទាន់ពេលវេលាពីគ្រោះមហន្ដរាយនានា។
ជាកិច្ចឆ្លើយតបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណដល់លោកស្រី Elena EDGAR និងស្វាមីរបស់លោកស្រី លោក George EDGAR ចំពោះការចូលរួមចំណែក កន្លងមកនេះរបស់សហភាពអឺរ៉ុប ក្នុងការជួយជ្រោមជ្រែង នៃដំណើរការអភិវឌ្ឍកម្ពុជា ជាពិសេសការជួយដល់ប្រជាជនកម្ពុជាយើងផ្ទាល់តាមរយៈសកម្មភាពការងារផ្សេងៗទៀត។
ទន្ទឹមនឹងនោះផងដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអរគុណ និងជូនពរដល់លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិ សូមឱ្យទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ច ខណៈបំពេញបេសកកម្មការទូតនៅប្រទេសដទៃទៀត។
លើសពីនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងកោតសរសើរ ចំពោះការិយាល័យមនុស្សធម៌របស់សហគមន៌អឺរ៉ុប (អេកូ ECHO) និង(ឌីប៉េកូ DIPECHO) តាមរយៈ សហគមន៍អឺរ៉ុប ចាប់ពីឆ្នាំ២០០១-២០១១ ដែលបានផ្ដល់ថវិកា សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ តាមសហគមន៍នៅតាមខេត្តចំនួន ៩ រួមមាន៖ នៅខេត្ដកំពង់ចាម ព្រៃវែង កណ្តាល កំពត កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ស្វាយរៀង និងតាកែវ ដែលថវិកាសរុបជាង ២លានយូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន ១៨,៤៤១ គ្រួសារ។
ក្នុងឆ្នាំ ២០១១-២០១២ គម្រោងជួយជនរងគ្រោះ ដោយទឹកជំនន់នៅខេត្ដចំនួន៤ គឺនៅខេត្ដកំពង់ធំ កំពង់ចាម ព្រៃវែង និងខេត្ដកណ្តាល សរុបទឹកប្រាក់ជាង ៨៦ម៉ឺនយូរ៉ូ សម្រាប់គ្រួសារទទួលផលចំនួន ៩,៩០០គ្រួសារ ។ក្នុងឆ្នាំ ២០១៦-២០១៧ គម្រោងកសាងភាពធន់ នៅខេត្តបន្ទាយមានជ័យ មានទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារ សម្រាប់គ្រួសារទទួលផលចំនួន ៣,០៤១គ្រួសារផងដែរ៕