(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា សបានស្នើដល់ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ត្រូវមានគោលជំហររួមមួយ ដែលមានភាពបន្ស៉ីគ្នារវាងផលប្រយោជន៍ជាតិ និងផលប្រយោជន៍តំបន់។

សម្តេច ហេង សំរិន បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គ របស់មហាសន្និបាតអន្តរសភាអាស៊ាន AIPA នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។

សម្តេចបានប្រាប់ AIPA ថា ការងារការទូតសភា និងភាពជាដៃគូ ជាកត្តាសំខាន់មួយក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកប្រកបដោយចីរភាព។ សម្តេចបានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយស្ថិតនៅឯកោ ដោយគ្មានទំនាក់ទំនងជាមួយប្រទេសដទៃទៀតឡើយ។

សម្តេចប្រធានរដ្ឋសភា បានបន្តថា AIPA ត្រូវលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាកត្តាសំខាន់ចាំបាច់ ដែល AIPA គួរតែយកចិត្តទុកដាក់ តាមដាន និងរក្សាឱ្យបាននូវជំហររួមរបស់ខ្លួន គាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់ អន្តរជាតិ ការគោរព ការយោគយល់ និងការគិតគូផលប្រយោជន៍គ្នាទៅវិញទៅមក ដោយមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អធិបតេយ្យភាព និងបូរណភាពដែនដី គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពប្រកបដោយចីរភាព។

អន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) ដែល មានសមាជិក ១០ប្រទេស គឺប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៉ី ឡាវ ម៉ាឡេស៉ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ AIPA ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ដើម្បីធ្វើជាដៃគូអាស៊ាន ក្នុងការជំរុញឲ្យបានសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

សម្តេច ហេង សំរិន បានបន្តថា ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ជាគោលការណ៍គ្រឹះ របស់សហគមន៍អាស៊ាន និងជាចំណុចស្នូលដ៏សំខាន់របស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលមានសមាហរណកម្មជិតសិទ្ធិនាពេលអនាគត ដោយផ្អែកលើគោលការណ៍ប្រកបដោយបរិយាប័ន្ន។

សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ AIPA ឲ្យគិតគូរ និងយកចិត្តទុកដាក់បញ្ហាការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាពផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា ពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។

សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពេញអង្គទៅ មហាសន្និបាត AIPA នឹងបើកកិច្ចប្រជុំតាមគណៈកម្មាធិការរបស់ខ្លួន ជាបន្តបន្ទាប់ ដែលមានដូចជា គណៈកម្មាធិការនយោបាយ ដែលជជែកពីបញ្ហាអំពើភេវរកម្ម ភាពជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ គណៈកម្មាធិការស្រ្តី នឹងជជែកពីបញ្ហាសមភាពយេនឌ័រ។

ចំណែកគណៈកម្មាធិការសេដ្ឋកិច្ច នឹងលើកឡើងប្រធានបទជាច្រើនមកជជែកគ្នា ដូចជា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមនៅអាស៊ាន។ ការធ្វើឲ្យប្រសើរឡើងលើសហប្រតិបត្តិការអាស៊ាន ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មទី៤។

គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយ សម្តេច ហេង សំរិន នឹងចូលរួមតាមគណៈកម្មាធិការទំាងអស់នោះ។ វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាលើឆាកអន្តរជាតិ គឺជាការបំពេញបេសកកម្មការទូតសភានៅក្នុងការចូលរួមកសាងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់ និងពិភពលោកហើយក៏ជាការកសាងកិត្យានុភាព ដល់សភា និងប្រទេសជាតិយើង នៅលើឆាកអន្តរជាតិផងដែរ៕