(ហុងកុង)៖ ទោះបីជាអំពើហិង្សានៅក្នុងទីក្រុងហុងកុង បង្កឡើងដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល កាន់តែមានសភាពធ្ងន់ធ្ងរទៅៗមែន ប៉ុន្តែរដ្ឋាភិបាលនៅតែមានទំនុកចិត្ត ក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្នដោយខ្លួនឯង។ នេះបើតាមសម្តីនាយកប្រតិបត្តិក្រុងហុងកុង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។
នាយកប្រតិបត្តិក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) លើកឡើងបែបនេះ នៅក្នុងសនិ្នសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ និងជាលើកដំបូងបំផុត ក្រោយអំពើហិង្សាផ្ទុះឡើងរវាងក្រុមបាតុករ និងប៉ូលិសកាលពីថ្ងៃអាទិត្យកន្លងទៅ។ នាឱកាសនោះលោកស្រី Lam បានគូសបញ្ជាក់ដូច្នេះថា «យើងគួរតែផ្សះផ្សាសង្គមជាតិ តាមរយៈការធ្វើទំនាក់ទំនងជាមួយមនុស្សផ្សេងៗពីគ្នា... យើងចង់បញ្ចប់ភាពវឹកវរបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង ហើយខ្ញុំជឿជាក់រដ្ឋាភិបាលក្រុងហុងកុង មានសមត្ថភាពដោះស្រាយវិបត្តិនេះដោយខ្លួនឯង»។
គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី Carrie Lam ត្រូវបានគេរំពឹងថា អាចនឹងផ្ទុះឡើងជាថ្មីនៅប៉ុន្មានសប្ដាហ៍នេះ បើទោះជាមានការព្រមានធ្ងន់ៗ ពីផលវិបាកធ្ងន់ធ្ងរពីសំណាក់ទីក្រុងប៉េកាំង៕