(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកថ្មីប្រចាំខែ មិនមានការថយចុះ ដូចការព្រួយបារម្ភរបស់មជ្ឈដ្ឋានមួយចំនួន ដែលជាញឹកញាប់តែងតែចោទប្រកាន់ មកលើរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងសិទ្ធិសេរីភាព នៃការបញ្ចេញមតិ នោះឡើយ។
ក្នុងពិធីបើកវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៥,៤៨៣ ក្នុងនោះសមាគមចំនួន២,២០៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣,២៨០។
បើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង បន្ទាប់ពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានប្រកាសឲ្យប្រើ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួនសរុប៨៣៨ ក្នុងនោះសមាគមចំនួន៤០៦ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៤៣២។
ប៉ុន្ដែសម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ថា មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះចេញពីបញ្ជី នៅក្រសួងមហាផ្ទៃ តាមសំណើរបស់សាមី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ទោះបីជាមានការលុបចេញពីបញ្ជីនៅក្រសួងមហាផ្ទៃយ៉ាងនេះក្តី ក៏ចំនួននៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្មីប្រចាំខែ មិនមានការថយចុះ ដូចការព្រួយបារម្ភរបស់មជ្ឈដ្ឋានមួយចំនួនឡើយ។
សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ក្នុងចំណោម សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៥,៤៨៣ នៅក្នុងឆ្នាំ២០១៨ មានតែសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១,៦៣៤ ប៉ុណ្ណោះដែលបានបំពេញកាតព្វកិច្ចតាមច្បាប់កំណត់៕