(ភ្នំពេញ)៖ លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់កម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចនេះ។
លោក មហាធៀរ មហាម៉ាត់ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ហើយពេលរសៀលថ្ងៃទី០២ ខែកញ្ញានោះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញធ្វើបឋកថាស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អំឡុងបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញជួបពិភាក្សាទ្វេរភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ហើយបន្ទាប់ពីនោះ លោកចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។
លោក មហាធា ម៉ូហាម៉េដ (Mahathir Mohamad) វ័យ៩២ឆ្នាំ បានឈ្នះក្នុងការបោះឆ្នោត កាលពីពាក់កណ្តាលឆ្នាំ២០១៨ ដោយបានយកឈ្នះលើ គណបក្សរបស់ អតីតនាយករដ្ឋមន្ត្រី Najib Razak។ លោកធ្លាប់ដឹកនាំប្រទេសម៉ាឡេស៊ីអស់រយៈពេល២២ឆ្នាំផងដែរ៕