(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ដែលរៀបចំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការផ្តល់មតិពីអ្នកពាក់ព័ន្ធ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់នេះ ត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។

សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនមកទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ និងបានដាក់ឆ្លងកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០១៩ និងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០១៩។

ក្រសួងយុត្តិធម៌ បានជួយពិនិត្យកែសម្រួលលើបណ្ដាមាត្រាមួយចំនួនក្នុងជំពូកពាក់ព័ន្ធនឹងនីតិវិធី និងទោសប្បញ្ញត្តិ ដើម្បីធានាឱ្យមានសង្គតិភាពជាមួយច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្ដីព្រាងច្បាប់នេះក៏ត្រូវបានដាក់ឆ្លងការពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ផងដែរ។

សេចក្ដីព្រាងច្បាប់ស្ដីពីសំណង់ មានគោលបំណង និងសារប្រយោជន៍ដូចខាងក្រោម៖

* ពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការងារទាំងឡាយ ក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។

* ចូលរួមពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម ដោយអភិវឌ្ឍទីក្រុងឱ្យមានសោភណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ

* បង្កើនគណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់

* បង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ ជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចសង្គម។

គោលបំណងនៃការរៀបចំសេចក្តីព្រៀងច្បាប់នេះរួមមាន៖

* គុណភាព សន្ដិសុខ សុវត្ថិភាពសំណង់ ការងារទ្រព្យសម្បត្តិនិងសុខុមាលភាពរបស់ម្ចាស់សំណង់អ្នកប្រើប្រាស់សំណង់ និងសាធារណជន
* សោភណភាពនិងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ
* គណនេយ្យភាពនិងប្រសិទ្ធភាពក្នុងការប្រកបការងារនិងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់
* ការបង្កើនការជឿទុកចិត្តរបស់វិនិយោគនៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចនិងសង្គម។

លោក ផៃ ស៊ីផាន បានអះអាងទៀតថា វិស័យសំណង់ បានដើរតួនាទីជាសសរស្ដម្ភមួយជាមួយសសរស្ដម្ភ ដែលជំរុញកំណើន ៣ទៀត គឺវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដោយចូលរួមរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងវិស័យសាធារណៈ ទាំងក្នុងវិស័យឯកជន ពិសេសរចនាសម្ព័ន្ធផលិតកម្មឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម និងទេសចរណ៍ ព្រមទាំងចូលរួមអភិវឌ្ឍលំនៅឋាន និងសំណង់ផ្សេងទៀត សម្រាប់បម្រើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងផាសុខភាព។

រយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយ ទុនវិនិយោគក្នុងវិស័យសំណង់មានកំណើនជាទៀងទាត់ និងនៅតែបន្តរីកចម្រើនជាលំដាប់ ជាពិសេសការសាងសង់សំណង់ធំៗ ខ្ពស់ៗ ដូចជា អាគារស្នាក់នៅរួម អាគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អាគារការិយាល័យ សណ្ឋាគារ អាគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង ស្ថានីយប្រេងឥន្ធនៈ។ល។

លោកបញ្ជាក់ថា៖ ក្នុងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ តម្រូវការនៃការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់កាន់តែមានភាពចាំបាច់ជាសារវ័ន្ត។ សំណង់កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគ្រស្មាញ កាន់តែទាមទារឱ្យការអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត បច្ចេកវិទ្យា ស្ដង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាភាពរឹងមាំ គុណភាព សោភណភាព និងចីរភាពនៃសំណង់ រៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ផង និងដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងភាពសុខដុមរមនានៅក្នុងសង្គមផង៕