(ភ្នំពេញ)៖ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) បានកត់សម្គាល់ឃើញថា នាពេលថ្មីៗនេះមានការកើនឡើង យ៉ាងច្រើនអំពីសារបោកប្រាស់ (Scam) មួយប្រភេទ ដែលកំពុងរីករាលដាល ចំពោះអ្នកប្រើប្រាស់អ៊ិនធឺណិតក្នុងប្រទេសកម្ពុជា។
សារបោកប្រាស់នោះនឹងបង្ហាញថា អ្នកថាឈ្នះរង្វាន់ទូរស័ព្ទមួយគ្រឿង ដោយគ្រាន់តែចំណាយប្រាក់១ដុល្លារប៉ុណ្ណោះ ដើម្បីទទួលបានទូរស័ព្ទ ដែលនេះ ជាការបោកប្រាស់ទាំងស្រុងហើយ ប្រសិនបើកអ្នកបានផ្តល់ព័ត៌មានសំខាន់ ដូចជា Visa Card, Credit Card ឬបង់ប្រាក់១ដុល្លារ ដើម្បីទទួលបានទូរស័ព្ទនោះ អ្នកនឹងក្លាយជាជនរងគ្រោះ ដោយការបាត់បង់ប្រាក់ និងព័ត៌មានសំខាន់ផ្ទាល់ខ្លួន ទៅឱ្យជនបោកប្រាស់។
សារប្រភេទនេះលោតឡើងនៅលើទូរស័ព្ទ ឬកុំព្យូទ័រនៅពេលអ្នកប្រើប្រាស់បើកវេបសាយ ឬចុចទៅលើតំណភ្ជាប់ ដែលមិនមានប្រភពច្បាស់លាស់ណាមួយ ឬការចុចទៅលើពាណិជ្ជកម្មផ្សេងៗ នៅលើបណ្ដាញសង្គមដែលបង្ហាញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម (ads) លក់ផលិតផលក្នុងតម្លៃថោក (១ ដុល្លារ) ឬត្រូវរង្វាន់ផ្សេងៗ ដោយគ្រាន់តែអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួនជាដើម។ សារបោកប្រាស់នឹងលោតឡើង ដោយមានភ្ជាប់ជាមួយស្លាកសញ្ញា (Logo) របស់ក្រុមហ៊ុន ឬអង្គភាពល្បីៗណាមួយ ដែលអ្នកអាចនឹងស្គាល់។
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ បានបញ្ជាក់ទៀតថា សូមជៀសវាង និងមានការប្រុងប្រយ័ត្នខ្ពស់ អំពីការផ្តល់ព័ត៌មានសំខាន់ ទៅក្នុងវេបសាយណាមួយដែលគ្មានប្រភពច្បាស់លាស់។
ដើម្បីទទួលបានសុវត្ថិភាពបឋមមួយ អ្នកគួរអនុវត្តន៍តាមឧត្តមានុវត្ត (best practice)
* សូមប្រើប្រាស់កម្មវិធីមានអជ្ញាប័ណ្ណ និងអាប់ដេតឱ្យបានទៀងទាត់
* ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដោយអាប់ដេត និងស្កេនជាប្រចាំ
* កុំចុចទៅលើឯកសារ (attachment) ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
* កុំបើកវេបសាយ ឬតំណភ្ជាប់ ដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់
* ប្រើប្រាស់ពាក្យសំងាត់ដែលខ្លាំង (ចាប់ពី៨តួអក្សរឡើង ដោយគួបផ្សំជាមួយតួអក្សរលេខ និងនិមិត្តសញ្ញា)
* ប្រើប្រាស់ពាក្យសំងាត់ខុសៗគ្នា ចំពោះសេវាកម្មអនឡាញនីមួយៗ និងធ្វើការផ្លាស់ប្តូរជាប្រចាំ
* ធ្វើការថតចម្លងទុក (backup) ទិន្នន័យសំខាន់ឱ្យបានទៀងទាត់
សូមរាយការណ៍មកកាន់ CamCERT តាមរយៈសារអ៊ីមែល [email protected] ប្រសិនបើអ្នកមានបញ្ហាពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន៕