(ភ្នំពេញ)៖ ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក៏មិនខុសពីសព្វដងដែរ ខ្ញុំតែងតែទៅហាងកាហ្វេដើម្បីជជែកលេងជាមួយ មិត្តភ័ក្តិផង និងបានស្តាប់មតិយោបល់នានា របស់បងប្អូនប្រជាពលរដ្ឋផង។ ជាទូទៅនៅថ្ងៃចុងសប្តាហ៍ តាមហាងកាហ្វេមានមនុស្សម្នាច្រើនជាងធម្មតា។ ខ្ញុំត្រូវជិះពីហាងមួយទៅមួយទៀតជាច្រើនកន្លែង ដើម្បីអាចរកកន្លែងចតយានយន្តបាន និងមានកន្លែងទំនេរសម្រាប់អង្គុយជជែកគ្នាជាមួយមិត្តភ័ក្តិ។
នៅជុំវិញខ្លួនខ្ញុំ អ្នកដែលចូលមកហាងកាហ្វេភាគច្រើនជាមនុស្សវ័យកណ្តាល និងយុវជន។ ពួកគេមិនត្រឹមតែមកផឹកកាហ្វេទេ តែច្រើនមកជាក្រុមៗ ដើម្បីជជែកការងារ ឬជជែករឿងរកស៊ី ឬអ្នកខ្លះ ជជែកលេងធម្មតា និងអ្នកខ្លះទៀតមកអង្គុយធ្វើការដោយមានកុំព្យូទ័រយួរដៃមកជាមួយ។
អ្នកដែលយកពេលទំនេរថ្ងៃអាទិត្យ មកអង្គុយលេង ឬអង្គុយធ្វើការនៅតាមហាងកាហ្វេ ជាទូទៅពួកគេនិយាយដូចៗគ្នាថា មិនចង់ចេញទៅដើរកម្សាន្តតាមទីរមណីយដ្ឋាន ផ្សេងៗទេពី ព្រោះមនុស្សច្រើនពេក។ ដូច្នេះហាងកាហ្វេជាជម្រើសដ៏ល្អបំផុត សម្រាប់ពួកគេ ដើម្បីអាចជជែកលេងផង ធ្វើការងារផង និងផឹកកាហ្វេផងក្រោមបរិយាកាសដ៏មនោរម្យ មានម៉ាស៊ីនត្រជាក់ និងមានអាំងទែណែត Wi-Fi ប្រើដោយមិនអស់លុយទៀត។
និយាយតាមត្រង់ ខ្ញុំកើតមកជាងពាក់កណ្តាលមនុស្សទៅហើយ និងធ្លាប់បានឆ្លងកាត់ច្រើនរបត់សង្គមដែរតែមិន ដែលបានឃើញសង្គមណាដែលពលរដ្ឋខ្មែរ ជាពិសេសយុវជនមានស្ថានភាពបែបនេះទេ ពោលគឺជាស្ថានភាព នៃមនុស្សសម័យថ្មីដែលមាន ជីវិតរស់នៅបែបទំនើបមិនខុសពី បណ្តាប្រទេសជិតខាងក្នុងតំបន់ឡើយ។
នៅតាមដងផ្លូវ មនុស្សម្នាធ្វើដំណើរទៅមកមិនដាច់តាម មធ្យោបាយរថយន្ត ឬម៉ូតូគ្រប់ម៉ាក គ្រប់ធុនទៅតាមកម្រិត ជីវភាពរបស់ពួកគេ។ ពេលល្ងាចបន្តិច ច្រកចូលមកកាន់ភ្នំពេញសុទ្ធតែស្ទះ ចរាចរណ៍គ្រប់ផ្លូវពីព្រោះជាពេលវេលា ដែលអ្នកចេញទៅក្រៅក្រុងវិលត្រឡប់ចូលក្រុងវិញ។
ចុងសប្តាហ៍នេះ ខ្ញុំក៏បានជួបមិត្តភ័ក្តិជនជាតិកាណាដាម្នាក់ ដែលធ្លាប់ធ្វើការនៅកម្ពុជា ហើយពេលនេះគាត់ក៏បានមកលេងស្រុកខ្មែរម្តងទៀត។ គាត់បាននិយាយថា ខានមកកម្ពុជាតែ៣ឆ្នាំសោះ តែភ្នំពេញប្លែកស្ទើរតែមើលមិនស្គាល់។
គាត់និយាយថា ពេលយន្តហោះចុះចតនៅពោធិ៍ចិនតុង គាត់ចង់ភ័យពីព្រោះមើលពីលើមកស្មានថា យន្តហោះចុះចតខុសគោលដៅ ឬត្រូវគេបង្វែរការចុះចត ដោយប្រការណាមួយហើយពីព្រោះ អើតតាមបង្អួចយន្តហោះ មើលមកក្រោមកឃើញសភាពប្លែកខុសពីមុនឆ្ងាយណាស់ គឺសុទ្ធតែសំណង់ អាគារស្អេកស្កះ មើលលែងដឹងថាជាភ្នំពេញ។ គាត់លាន់មាត់ថា កម្ពុជាពិតជាអភិវឌ្ឍន៍យ៉ាងលឿង ដែលគាត់មិននឹកស្មានដល់។
ប្រសិនបើយើងបើកមើល Facebookវិញ ថ្ងៃអាទិត្យចុងសប្តាហ៍ ឃើញតែការបង្ហោះសារជូនពរគ្នាមិនដាច់។ អ្នកខ្លះបង្ហោះរូបភាពដំណើរកម្សាន្តរបស់ខ្លួន, អ្នកខ្លះជួបជុំមិត្តភ័ក្តិ, ក្រុមគ្រួសារ, អ្នកខ្លះបង្ហោះម្ហូបអាហារ, ទេសភាពស្រុកស្រែ, ព្រៃភ្នំ, អ្នកខ្លះអួតសួនបន្លែជុំវិញផ្ទះ, អ្នកខ្លះចូលរួមអាពាហ៍ពិពាហ៍ ឬកម្មវិធីបុណ្យទានផ្សេងៗ, អ្នកខ្លះក៏បង្ហោះលក់ទំនិញគ្រប់ប្រភេទតាមអនឡាញ, រីឯអ្នកខ្លះទៀតបង្ហោះដំណើរកម្សាន្តទៅក្រៅប្រទេស...។
ទាំងអស់នេះ គឺជាសក្ខីភាពនៃសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងយុគសម័យបច្ចុប្បន្ន ដែលជាសេចក្តីសុខកម្រកើតមានណាស់ ក្នុងប្រទេសយើង។ ជាការពិត ក៏មានដែរអ្នកដែលបង្ហោះសារ មិនសប្បាយចិត្តរឿងនេះ រឿងនោះ ឬក៏អ្នកខ្លះបង្ហោះពីគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាដែលពួកគេជួបប្រទះ។
ប៉ុន្តែភាគច្រើនលើសលប់ គេឃើញតែរូបភាពជាវិជ្ជមាន ដែលបង្ហាញពីការសប្បាយ រីករាយ និងភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋខ្មែរយើង។ គ្មានសង្គមណាមួយ នៅលើលោកនេះដែលជាទីស្ថានល្អ ឥតខ្ចោះសម្រាប់ជីវិតរស់នៅនោះឡើយ។ សូម្បីបណ្តាប្រទេសមហាអំណាចធំៗ ក៏គង់នៅជួបប្រទះបញ្ហា ឬអំពើហិង្សា និងអសន្តិសុខដោយចៀសមិនផុត។
ជាក់ស្តែង ពេលដែលពលរដ្ឋខ្មែរ កំពុងសម្រាកកម្សាន្តសប្បាយចុងសប្តាហ៍នេះ ក៏មានព្រឹត្តិការណ៍បាញ់ប្រហារសម្លាប់មនុស្សជាច្រើននាក់ នៅរដ្ឋតិចសាសសហរដ្ឋអាមេរិក។ បណ្តាប្រទេសផ្សេងទៀត កំពុងជួបនឹងសង្គ្រាមវឹកវរ ដែលធ្វើឲ្យប្រជាជនអត់ឃ្លាន និងរត់ភៀសខ្លួនចេញពីប្រទេស ជារៀងរាល់ថ្ងៃ។
សរុបទៅ កម្ពុជាមិនមែនជាប្រទេសល្អគ្រប់យ៉ាងទេ ប៉ុន្តែបើធៀបទៅនឹងអតីតកាលរបស់ខ្លួន កម្ពុជាបច្ចុប្បន្ន គឺជាទីស្ថានដ៏មនោរម្យសម្រាប់ប្រជាពលរដ្ឋខ្មែរ។ នេះបើយើងនិយាយពីកម្ពុជាពិត គឺខុសស្រឡះពីកម្ពុជាប្រឌិតដែលចេញពីបបូរមាត់របស់ក្រុមប្រឆាំង ជ្រុលនិយមដឹកនាំដោយលោក សម រង្ស៊ី និងប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រក្រុមប្រឆាំងផ្កាប់មុខ។
ពួកគេនិយាយអាក្រក់ពីកម្ពុជា រហូតតាមរយៈការយករឿងតូចតាចទៅបំប៉ោង បំផ្លើស ឬលើសពីនេះ គឺប្រឌិតរឿងមិនពិតតែម្តងដើម្បីបង្ខូចបង្កាច់ តាមគ្រប់រូបភាព ក្នុងគោលបំណងធ្វើឲ្យគេជឿថា កម្ពុជាកំពុងប្រឈមមុខនឹងមហន្តរាយខ្លាំងណាស់ដែលទាមទារឲ្យពួកគេមកសង្គ្រោះ។
ដើម្បីសង្គ្រោះប្រទេសកម្ពុជា ពួកគេត្រូវការប្រមូលលុយយ៉ាងសន្ធឹកសន្ធាប់ ពីបងប្អូនខ្មែរនៅក្រៅប្រទេស។ ល្បិចបោក ប្រាស់បែបនេះត្រូវបានលោក សម រង្ស៊ី និងគូកនប្រើប្រាស់ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែនយោបាយបោកប្រាស់នេះ បាននិងកំពុងធ្វើឲ្យពលរដ្ឋខ្មែរច្រើនលើសលប់ទាំងក្នុង និងក្រៅប្រទេស អស់ជំនឿដែលរុញច្រានលោក សម រង្ស៊ី ឲ្យធ្លាក់ក្នុងសភាពឯកាកាន់តែខ្លាំងឡើងៗ ជាលំដាប់។
ដូច្នេះ ខ្ញុំចង់ឲ្យលោក សម រង្ស៊ី និងគូកន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគាំទ្រក្រុមប្រឆាំងទាំងឡាយ ចងចាំចុះថា ការនិយាយមិនពិត មិនអាចបោកប្រាស់គេបានទៀតឡើយ ក្នុងសម័យ Facebook និងសម័យព័ត៌មានវិទ្យាជឿនលឿនដូចសព្វថ្ងៃ។
បច្ចុប្បន្នមនុស្សរស់នៅក្នុងការពិត គឺមិនមែនជឿលើការប្រឌិតឡើយ។ នេះក៏ជាមូលហេតុសំខាន់បំផុតដែលប្រជាជនកម្ពុជា តែងផ្តល់យុត្តិធម៌ដល់ គណបក្សដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៤០ឆ្នាំមកហើយ និងនៅតែបន្តផ្តល់យុត្តិធម៌ដល់អ្នករស់នៅក្នុងការ ពិតរយៈពេលយូរ អង្វែងតទៅទៀត៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ