(ភ្នំពេញ)៖ លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៉ី នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចាប់ផ្តើមធ្វើបាឋកថា ជូនដល់និស្សិតខ្មែរប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។
លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា តាមការគ្រោងទុក មាននិស្សិតចូលរួមប្រមាណ ៧០០នាក់ ក្នុងនោះនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៤០០នាក់ ព្រមទាំងយុវជន និងនិស្សិត មកពីសាលាផ្សេងៗទៀត ចំនួន៣០០នាក់ទៀតផងដែរ។
លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៩៖៤០នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អំឡុងបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។ បន្ទាប់ពីនោះ លោកចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។
លោក មហាធៀរ ដែលមានវ័យ៩២ឆ្នាំ គឺជានាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេ នៅសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ បានឈ្នះក្នុងការបោះឆ្នោត កាលពីពាក់កណ្តាលឆ្នាំ២០១៨ លើគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak។
លោកបានកាន់តួនាទី ជានាយករដ្ឋមន្ត្រីម៉ាឡេស៉ី ចំនួនពីរលើក គឺលើកទី១ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ចំណែកឯលើកទី២នេះ ចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន៕