(ភ្នំពេញ)៖ លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមានទាំងសំណងអគារខ្ពស់ៗ កំពុងរីកដុះដាលពាសពេញរាជធានីភ្នំពេញ។
ការស្ញើចសរសើររបស់ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញធ្វើបាឋកថា ជូនដល់និស្សិតខ្មែរប្រមាណ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។
លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) បានអះអាងថា នៅពេលយន្ដហោះចុះចត ដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោកបានសង្កេតឃើញថា រាជធានីភ្នំពេញ ហាក់បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ខុសប្លែកកាលពីពេលលោកអញ្ជើញមកលើមុន ពោលបច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ៗជាច្រើន បានរីកដុះដាល។
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានគូសបញ្ជាក់ទៀតថា សម្រាប់ស្ថានភាពចរាចរណ៍វិញ ហាក់មានការមមាញឹកយ៉ាងខ្លាំង ដែលជាសញ្ញាណមួយបញ្ជាក់ថា អំពីការអភិវឌ្ឍ និងសម្បូរសប្បាយរុងរឿងរបស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ដ្រី បានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដោយសារប្រជាជនមានសមត្ថភាព និងជំនាញពិតប្រាកដ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។
សូមជម្រាបថា លោក មហាធា មហាម៉ាត់ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៩៖៤០នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អំឡុងបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។ បន្ទាប់ពីនោះ លោកចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។
លោក មហាធៀរ ដែលមានវ័យ៩២ឆ្នាំ គឺជានាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេ នៅសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ បានឈ្នះក្នុងការបោះឆ្នោត កាលពីពាក់កណ្តាលឆ្នាំ២០១៨ លើគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak។ លោកបានកាន់តួនាទី ជានាយករដ្ឋមន្ត្រីម៉ាឡេស៉ី ចំនួនពីរលើក គឺលើកទី១ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ចំណែកឯលើកទី២នេះ ចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន៕