(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ បានប្រាប់ទៅកាន់សាស្ត្រចារ្យ និងនិស្សិតកម្ពុជា កុំឱ្យបរិភោគច្រើនដែលជាហេតុនាំឱ្យសារពាង្គកាយឆាប់ចាស់ និងទ្រុឌទ្រោម។
ការក្រើនរំលឹករបស់លោក មហាធា មហាម៉ាត់ បានធ្វើឡើងនៅក្នុងបាឋកថាស្តីពី «ការរក្សាតុល្យភាពនៃទំនាក់ទំនងជាមួយប្រទេសមហាអំណាចក្នុងបរិបទអាស៊ាន» ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក មហាធា មហាម៉ាត់ គឺជាវេជ្ជបណ្ឌិតមួយរូបដែលបានបញ្ចប់មហាវិទ្យាល័យផ្នែកសុខាភិបាល ហើយលោកជាអ្នករកស៊ីលើវិស័យសុខាភិបាលផងដែរមុនចូលប្រឡូកក្នុងឆាកនយោបាយ។ មកដល់ពេលបច្ចុប្បន្នលោក មហាធា មានអាយុ ៩៤ឆ្នាំហើយ តែលោកត្រូវបានគេមើលឃើញថា នៅមានរាងកាយរឹងមាំនៅឡើយ។
ក្នុងឱកាសថ្លែងបឋកថាដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវ័យក្មេង សាស្ត្រាចារ្យ និងនិស្សិតកម្ពុជាប្រមាណជា ៧០០នាក់ លោក មហាធា បានណែនាំថា ការបរិភោគអាហារច្រើន នឹងធ្វើឱ្យក្រពះកាន់តែរីក ហើយធ្វើមនុស្សបរិភោគកាន់តែច្រើនផងដែរ។ លោកពន្យល់បន្ថែមថា នៅពេលមនុស្សបរិភោគកាន់តែច្រើន ធ្វើឱ្យសារពាង្គកាយខាងក្នុងរបស់មនុស្សធ្វើការកាន់តែសកម្ម ធ្វើការលើសកំណត់ជាហេតុធ្វើឱ្យរាងកាយឆាប់ចាស់ ឆាប់ទ្រុឌទ្រោម និងអាយុមិនបានវែងផងដែរ។
លោកនាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេលើលោករូបនេះ បានរំលឹកឱ្យថ្នាក់ដឹកនាំ សាស្ត្រាចារ្យ ជាពិសេសនិស្សិតរបស់កម្ពុជា ត្រូវកំណត់របបអាហារ និងបរិភោគឱ្យបានច្បាស់លាស់ ជាពិសេសកុំបរិភោគច្រើនដែលនាំឱ្យធាត់៕