(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់មជ្ឈភាពអាស៊ាន និងដើម្បីសម្រេចបាននូវសមាហរណកម្មមួយដែលមានសាមគី្គភាពនយោបាយស្អិតរមួត។
ការបង្ហាញការពេញចិត្តលើមិត្តភាពប្រទេសទាំងពីរ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
សេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា-ម៉ាឡេស៊ី បានឱ្យដឹងថា ក្នុងបរិបទអាស៊ាន ប្រទេសទាំងពីរ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ដើម្បីឈានទៅរកការសម្រេចឱ្យបាននូវ សមាហរណកម្មសេដ្ឋកិច្ច ដែលជាគោលដៅចុងក្រោយរបស់អាស៊ាន។
សេចក្តីថ្លែងការណ៍រួមបានបន្តថា៖ «ប្រទេសទាំងពីរនឹងបន្តធ្វើការរួមគ្នា ដើម្បីលើកកម្ពស់មជ្ឈភាពអាស៊ាន និងដើម្បីសម្រេចបាននូវសមាហរណកម្មមួយដែលមានសាមគី្គភាពនយោបាយស្អិតរមួត សមាហរណកម្មសេដ្ឋកិច្ច ការទទួលខុសត្រូវសង្គម និងផ្អែកលើគោលការណ៍ច្បាប់ ការតម្រង់ទិសដើម្បីប្រជាជន និង ផ្តោតសំខាន់លើប្រជាជន»។
លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ នេះបើតាមក្រសួងការបរទេស។
កម្ពុជា-ម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ តែនៅក្នុងពេលកម្ពុជា ជួបវិបត្តិដោយភ្លើងសង្គ្រាមពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៥ ប្រទេសទាំងពីររក្សាចំណងការទូត នៅត្រឹមកម្រិតភារធារីស្តីទីមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង។ កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១៕