(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ដ្រីប្រទេសម៉ាឡេស៊ី បានឯកភាពគ្នាបង្កើនការការពារ លើវិស័យសន្ដិសុខ ក្រោយការគំរាមកំហែងភេវរកម្ម និងភាពជ្រុលនិយមនៅទូទាំងប្រទេសមានការកើនឡើង។
នេះបើតាមសេចក្ដីថ្លែងការណ៍រួម ដែលបានបង្ហាញនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់ជំនួបទ្វេភាគីជាមួយរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសលោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។
សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា-ម៉ាឡេស៊ី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «ថ្នាក់ដឹកនាំទាំងពីរ បានទទួលស្គាល់អំពីកំណើន នៃការគម្រាមកំហែងភេវរកម្ម និងភាពជ្រុលនិយមនៅទូទាំងពិភពលោក ហើយការសម្របសម្រួលលើវិស័យសន្តិសុខ ចាំបាច់ត្រូវបង្កើតឡើងឲ្យកាន់តែប្រសើររវាងប្រទេសទាំងពីរ»។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា-ម៉ាឡេស៊ី ក៏បានគូសបញ្ជាក់ព្រមគ្នាផងដែរ អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ ពិសេសដើម្បីរក្សាសន្តិភាព និងស្ថិរភាព ដើម្បីទប់ស្កាត់បញ្ហាប្រឈមសន្តិសុខ និងការគម្រាមកំហែងក្នុងតំបន់។
គួរជម្រាបថា លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។
លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ជានាយករដ្ឋមន្ត្រីទី០៧ របស់ម៉ាឡេស៊ី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ ដោយបានផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់៕