(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាមេរិក និងណែនាំឲ្យអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ។
កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាបន្ទាន់ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ក្នុងខេត្តព្រះសីហនុ» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ដែលដឹកនាំដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាកិច្ចប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ។
បន្ថែមលើសេចក្តីសម្រេចរបស់កិច្ចប្រជុំ គ.ស.ហ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ និងដើម្បីឆ្លើយតបឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់ តាមសេចក្តីត្រូវការចាំបាច់ជាក់ស្តែងនៅខេត្តព្រះសីហនុ, កិច្ចប្រជុំ គ.ស.ហ បន្ទាន់នេះ បានពិនិត្យ និងពិភាក្សាលើការកំណត់ជាអាទិភាព រៀបចំក្របខណ្ឌ យន្តការនៃការអនុវត្តការងារឱ្យបានច្បាស់លាស់ ចំពោះការជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ ដើម្បី ធានាបាននូវប្រសិទ្ធភាពការងារ សំណង់ប្រកបដោយគុណភាព ទាន់ពេលវេលាក៏ដូចជា តម្លៃនៃថវិកា។
ជាលទ្ធផល អង្គប្រជុំបានឯកភាពលើវិធាការ និងគោលការណ៍បន្ថែម ដូចខាងក្រោម៖
ទី១៖ បន្តអនុវត្តន៍គោលការណ៍ ដែលបានសម្រេចក្នុងកិច្ចប្រជុំ គ.ស.ហ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ចំពោះវិធានការការងារបន្ទាន់ និងអាទិភាព ក្នុងការស្តារអូរធម្មជាតិទាំង៥ និងលូ ដែលមានស្រាប់ ដែលសព្វថ្ងៃកំពុងទទួលរងការរំលោភយកចំណីអូរ និងប្រឡាយ ដើម្បីបើកមុខទឹក ហូរ និងដោះស្រាយជំនន់ទឹកភ្លៀង។
ទី២៖ ក្នុងការស្តារ ជួសជុលផ្លូវក្នុងក្រុងផ្លូវវាងក្រុង ការស្តាររៀបចំអូររំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់, កិច្ចប្រជុំបានកំណត់អាទិភាព និងវាយតម្លៃពីទំហំនៃការស្តារ និងជួសជុលកំណាត់ផ្លូវទាំង២២ខ្សែ និងផ្លូវវាងក្រុង តាមបទដ្ឋានស្តង់ដា ដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងគុណភាព, សោភណ្ឌភាព, សុវត្ថិភាព, តម្រូវការហិរញ្ញប្បទាន, តម្រូវការនៃការដោះស្រាយផលប៉ះពាល់ ក្នុងនោះត្រូវផ្តោតលើបច្ចេកទេសក្នុងការសាងសង់ ការត្រួតពិនិត្យគុណភាពសំណង់, ទំហំផ្លូវ, ការបង្កប់ប្រព័ន្ធខ្សែកាប, ទូរស័ព្ទ, បំពង់ទឹកស្អាត និងបណ្តាញ ទឹកកខ្វក់/ទឹកភ្លៀងជាដើម ។
ទី៣៖ ចំពោះប្រភពហិរញ្ញប្បទាន, បន្ថែមលើការឯកភាពជាគោលការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យប្រើប្រាស់ថវិកាសន្សំ របស់រាជរដ្ឋាភិបាលចំនួន១០០លានដុល្លារអាមេរិក, ត្រូវអនុវត្តគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ដែលជាការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុនេះ។
អង្គប្រជុំក៏បានបេ្តជ្ញាអនុវត្តតាមសេចក្តីសម្រេច ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាស្មារតី អង្គប្រជុំ គ.ស.ហ និងបន្តផ្តល់កិច្ចសហការប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តន៍កិច្ចការនេះ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តំណាងឲ្យអង្គប្រជុំទាំងមូល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ណែនាំចង្អុលបង្ហាញ និងដាក់ចេញវិធានការណ៍ជាបន្តបន្ទាប់ក្នុង ការដោះស្រាយបញ្ហា សំដៅលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា និយាយជារួម និងដោយឡែក ក្នុង ការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុនេះ៕