(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលជួប បុរសអច្ឆរិយៈ ហុង ភារិន និងបងរបស់គាត់ឈ្មោះ ហុង ភារុន នៅគេហដ្ឋានរបស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គោលបំណងនៃការជួប នេះ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយ ឱ្យស្របជាមួយបំណងដែល ភារិនចង់ទៅ និងចង់បាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «ខ្ញុំនិងភរិយាទើបបានជួបយុវជន ហុង ភារិន និងបងប្រុសរបស់គាត់ឈ្មោះហុង ភារុន នៅមុននេះបន្តិច នៅគេហដ្ឋានរបស់ខ្ញុំ។ គោលបំណងនៃការជួបរបស់ខ្ញុំ គឺចង់ស្វែងយល់នូវបំណង និងគោលដៅដែល ហុង ភារិន ចង់ទៅដើម្បីងាយស្រួលដល់ការជួយរបស់យើង ឱ្យស្របជាមួយបំណងដែល ភារិនចង់ទៅ និងចង់បាន»។
បន្ទាប់ពីជួបនេះ សម្តេចបានសម្រេចជួយដល់ ហុង ភារុន បងប្រុសរបស់បុរសអច្ឆរិយៈ ដែលរៀនចប់បរិញ្ញាបត្រ និងកំពុងធ្វើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែកពន្ធដារ ឱ្យបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់តទៅទៀត។
ជាមួយការហៅអ្នកទាំងពីរនេះថាជាកូន សម្តេចតេជោ ហ៊ុន សែន បានជូនពរអ្នកទាំងពីរឱ្យជួបតែសេចក្តីសុខ និងសម្រេចនូវបំណងប្រាថ្នាដែលពួកគេចង់បាន។
សូមបញ្ជាក់ថា និស្សិត ហុង ភារិន នាថ្មីៗនេះ បានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ធ្វើឱ្យមហាជនកោតសរសើរ ទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតដល់ប្រសិទ្ធនាមថាជា «អច្ឆរិយកម្ពុជា»៕