(ស្ទឹងត្រែង)៖ ជំនន់ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្រិតប្រកាសអាសន្នហើយ និងទឹកបានហូរចូលលិចក្រុងស្ទឹងត្រែង ដែលផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងប្រឈមការលិចលង់ ប៉ុន្តែក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងជួយអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋានហើយ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ខេត្តស្ទឹងត្រែង ទឹកបានហក់ឡើងដល់ចំណុចប្រកាស អាសន្ន ១២ម៉ែត្រ នៅវេលាទៀបភ្លឺនាថ្ងៃទី៦ ខែកញ្ញានេះ និងបានបង្កឱ្យមានការលិចលង់នៅក្នុងក្រុងស្ទឹងត្រែង។ ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរដែនដី កំពុងមានវិធានការយ៉ាងមមាញឹក ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ»។
បើតាមលោក ចាន់ យុត្ថា សម្រាប់ខេត្តក្រចេះវិញ ទើបបានហក់ឡើងដល់ ២២៖២០ម៉ែត្រ នៅវេលាព្រឹកម៉ោង៧នាថ្ងៃទី៦ ខែកញ្ញានេះ។ កម្ពស់ទឹកនេះ បានកើនលើសពីកម្រិតដែលត្រូវប្រកាសឲ្យ មានការប្រុងប្រយ័ត្ន២២ម៉ែត្រ។ ទឹកនៅខេត្តក្រចេះ នឹងបន្តកើនឡើងសន្សឹមៗ ក្នុងមួយថ្ងៃទៀត។
លោកថា «សម្រាប់ជំនន់ទន្លេមេគង្គ ខេត្តស្ទឹងត្រែង នឹងចាប់ផ្ដើមស្រកទៅវិញបន្តិចម្ដងៗ ចាប់ពីល្ងាចនេះតទៅ។ ឯកខេត្តក្រចេះ និងកំពង់ចាម ទើបនឹងចាប់ស្រកនៅថ្ងៃបន្ទាប់បន្ទាប់គ្នា។ ស្ថានភាពអាកាសធាតុបានធូរស្រាល ដោយពុំមានភ្លៀងធ្លាក់ច្រើន នៅផ្នែកខាងលើទៀតទេ ឯទឹកជំនន់នៅក្នុងប្រទេសថៃ និងប្រទេសឡាវ (ដែលស្ថិតនៅតាមដងទន្លេមេគង្គ ) ក៏បានចាប់ស្រកជាបណ្ដើរហើយដែរ»។
ដោយឡែកជំនន់ទឹកភ្លៀងវិញ ត្រូវបានអ្នកនាំពាក្យរូបនេះ អះអាងថា ភ្លៀងដែលបានធ្លាក់ជោគជាំ នៅតំបន់ជួរភ្នំដងរែក នាពេលកន្លងមក បានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះនៃខេត្តព្រះវិហារ នៅខេត្តឧត្ដរមានជ័យ។
លោកបានបញ្ជាក់ថា «មកដល់ពេលនេះ សំរាប់ខេត្តឧត្តរមានជ័យ តំបន់ដែលបានលិចលង់កន្លងមក ទើបបានស្រកផុតអស់ហើយ ប៉ុន្តែនៅមានការប្រឈមនៅបណ្ដាចំនុចមួយចំនួន ពិសេសបណ្ដាអាងទឹក ដូចជា អាងទឹកតាម៉ុក អាងទឹកទំនប់ថ្មី ស្ថិតនៅក្នុងស្រុកអន្លង់វែងជាដើម។ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងគ្រឿងចក្រធុនធ្ងន់បាន និងកំពុងប្រចាំការ នៅចំណុចប្រឈមទាំងនោះ ដើម្បីត្រៀមអន្តរាគមន៍ និងបញ្ចៀសចរន្តទឹក កុំឲ្យប៉ះពាល់ដល់ទីប្រជុំជន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ»។
សំរាប់ខេត្តឧត្តរមានជ័យ បើទោះបីនៅមានការប្រឈមខ្លះ តែសភាពការណ៍ជំនន់ស្ថិតនៅក្នុងកម្រិតមួយ ដែលយើងអាចគ្រប់គ្រងបាន។ យោងតាមការពិនិត្យជាក់ស្ដែង ស្ថានភាពនេះ ទាមទារនូវការប្រុងប្រយ័ត្នខ្ពស់ពីរទៅបីថ្ងៃទៀត ទើបបានធូរស្រាល។ នេះជាការពន្យល់បន្ថែមពីលោក ចាន់ យុត្ថា ដែលកំពុងចុះពិនិត្យស្ថានភាពទឹកនៅខេត្តឧត្តរមានជ័យ។
សម្រាប់ស្ថានភាពទឹកនៅខេត្តព្រះវិហារវិញ ការលិចលង់ដោយទឹកភ្លៀងនាពេលកន្លងមកបានស្របអស់ហើយ ប៉ុន្តែទន្ទឹមនេះ ទឹកស្ទឹងសែនបានចូលជន់ឡើងខ្ពស់ លើសពីរកម្រិតដែលប្រកាស ឱ្យប្រុងប្រយ័ត្ន និងបានហៀរចេញពីស្ទឹង ធ្វើឲ្យលិចតំបន់ទំនាបមួយចំនួន នៅអមសងខាងស្ទឹង។ ស្ថានភាពអាកាសធាតុ បានធូរស្រាលមានភ្លៀងធ្លាក់តិចតួច នៅតំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ដែលជាផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន។ បើមិនមានភ្លៀងធ្លាក់បន្ថែម ជំនន់ស្ទឹងសែនក្នុងខេត្តព្រះវិហារ អាចស្រកចុះវិញក្នុងរយៈពេលប្រមាណ ២ថ្ងៃខាងមុខ។
លោកបន្តទៀតថា ស្ទឹងសែនហូរកាត់ខេត្តពីរ គឺខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៅពេលដែលផ្នែកខាងលើបានធូរស្រាល ជំនន់ក៏ចាប់ផ្ដើមបង្កការប្រឈមនៅក្នុងខេត្តកំពង់ធំ ដូចនេះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងស្ទឹងសែនក្នុងខេត្តកំពង់ធំ ក៏ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នផងដែរ។
កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរណែនាំស្ដីពីការត្រៀមវិធានការ ទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈដែលប្រទេសកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងព្យុះទី១៤ ឈ្មោះកាហ្ស៊ីគី ព្រមទាំងឥទ្ធិពលនៃខ្យល់មូសុងនិរតី ដែលបកបោកយ៉ាងខ្លាំងបណ្ដាលឲ្យមានភ្លៀង ធ្លាក់យ៉ាងគំហុក។
នៅក្នុងសារាចរណែនាំ ប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា «យោងតាមការពិនិត្យ សង្កេត តាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី ១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំងបានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ។ ការធ្លាក់ភ្លៀងយ៉ាងគំហុកនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គហក់ឡើងខ្ពស់ លឿន និងឈានទៅដល់កម្រិតមួយ ដែលបង្កឲ្យមានការលិចលង់នៅខេត្តមួយចំនួន ដែលស្ថិតនៅអមសងខាងទន្លេមេគង្គផ្នែកខាងលើ»។
ជាមួយនឹងគ្រោះធម្មជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ៕