(ភ្នំពេញ)៖ ការចរចាប្រាក់ឈ្នួលរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានតំណាងសហជីព និយោជក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមិនទាន់មានការឯកភាពជារួមនៅឡើយទេ ប៉ុន្តែភាគីសហជីព និងនិយោជក សុទ្ធតែបានដាក់ស្នើនូវតួលេខប្រាក់ឈ្នួលរៀងៗខ្លួនរួចហើយ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយពេលបញ្ចប់កិច្ចប្រជុំខាងលើនេះថា ក្នុងកិច្ចប្រជុំនោះ ខាងភាគីសហជីព បានស្នើសុំប្រាក់ឈ្នួលក្នុងតួលេខ ១៩៩ដុល្លារ ក្នុង១ខែ ចំណែកឯខាង និយោជកបានស្នើសុំត្រឹម ១៨៤ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២០ខាងមុខនេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋលេខាធិការក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់ថា ភាគីទាំងអស់នឹងបន្តប្រជុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីឈានទៅដល់ការសម្រេចតួលេខមួយដែលភាគីពាក់ព័ន្ធទទួលយកបាន។
ការបើកកិច្ចប្រជុំចុងក្រោយ នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ នឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០១៩ ហើយកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បរមា នឹងចាប់ផ្តើមអនវុត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។ នេះបើតាមការប្រកាសរបស់ក្រសួងការងារកន្លងមក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បរមា ដល់កម្មករនិយោជិក ក្នុងវិស័យកាត់ដេរ ជារៀងរាល់ឆ្នាំមិនដែលខាន ចាប់តាំងពីឆ្នាំ២០១៣ រហូតមក។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងឆ្នាំ២០១៩នេះ បានកើនដល់ ១៨២ដុល្លារ នៅក្នុងមួយខែ ដែលឆ្នាំ២០២០ ខាងមុខនេះ អាចនឹងកើនឡើងមួយចំនួនថែមទៀត៕