(ភ្នំពេញ)៖ គ.ជ.បកម្ពុជា ត្រូវបានបញ្ចូលជាផ្លូវការ ជាសមាជិកពេញសិទ្ធិរបស់ A-WEB ក្នុងចំណោមសមាជិកសរុប១១៤ មកពី១០៦ប្រទេស។ ក្រៅពីនេះទៀត ស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសអ៊ុយក្រែន ឥណ្ឌូនេស៊ី អាហ្វហ្គានីស្ថាន មូរីស និងសមាគមអាជ្ញាធររៀបចំការបោះឆ្នោតអាស៊ីដែលហៅកាត់ថា AAEA ក៏ត្រូវបានអនុម័តបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ A-WEB ផងដែរ។ ដោយឡែកបេក្ខភាពនៃប្រទេសសេរ៉ាឡេអ៊ន មានភាពតានតឹងខ្លាំងមុននឹងបានបញ្ចូលជាសមាជិកពេញសិទ្ធិ នៃសមាគម A-WEB ។ នេះបើតាមការអះអាងរបស់ លោក ឌឹម សុវណ្ណារុំ។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូ វិលត្រលប់មកពីចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៤ របស់សមាគម A-WEB ដែលរៀបចំឡើង នៅប្រទេសឥណ្ឌា នៅថ្ងៃនេះ។
លោកបានបញ្ជាក់បន្ថែមថា សមាជិកថ្មីរបស់ A-WEB ទាំង៧នេះ ត្រូវបានទទួលស្គាល់នៅក្នុងមហាសន្និបាតលើកទី៤ របស់ A-WEB ដែលគណៈកម្មាធិការបោះឆ្នោតឥណ្ឌាជាម្ចាស់ផ្ទះ និងមានអាណត្តិ ២ឆ្នាំបន្តវេនពីប្រធានដែលចប់អាណត្តិ គឺស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសរូម៉ានី។
ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២១ គណៈកម្មាធិការរៀបចំបោះឆ្នោតឥណ្ឌា ជាប្រធាន A-WEB និងបានទទួលទង់ A-WEB ជាផ្លូវការពីស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសរូម៉ានី ដែលចប់អាណត្តិ ហើយមហាសន្និបាតនេះ ក៏បានអនុម័តទទួលយកគណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសអាហ្វ្រិកខាងត្បូង ជាអនុប្រធាន A-WEB ផងដែរ។ ដោយឡែក អគ្គលេខាធិការថ្មីរបស់ A-WEB ជំនួសអគ្គលេខាធិការចាស់ លោក គឹម យ៉ុងហ៊ី ជនជាតិកូរ៉េ ដែលបានលាលែងពីតំណែង មហាសន្និបាតបានជ្រើសរើស លោក យ៉ុងហ៊ីយុន ចូ (Jonghyon Choe) ជនជាតិកូរ៉េដែរ ជាអគ្គលេខាធិការថ្មី A-WEB ក្នុងចំណោមបេក្ខភាព ៣រូប គឺ ២រូបទៀត បេក្ខជនមកពីឥណ្ឌា និងអាហ្វ្រិកខាងត្បូង។
លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ទៀតថា មហាសន្និបាតលើកទី៤នេះ បានជ្រើសរើសសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មី ដើម្បីជំនួសកន្លែងសមាជិកក្រុមប្រឹក្សាចាស់ដែលចប់អាណត្តិ និងបំពេញ អាសនៈដែលខ្វះទៅតាមទ្វីបទាំង ៥ គឺ៖
១៖ ទ្វីបអឺរ៉ុប ១អាសនៈ គឺជំនួសដោយស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេស Bosnie និង Herzégovine
២៖ ទ្វីបអាហ្វ្រិក ២អាសនៈ គឺ ជំនួសដោយស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេស République Démocratique du Congo(RDC) និង Somalie។
៣៖ ទ្វីបអាមេរិក ១អាសនៈ គឺជំនួសដោយស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេស République Dominicaine ដោយឡែកទ្វីបអាស៊ី និងអូសេអានី មិនមានអាសនៈទំនេរដែលត្រូវបំពេញបន្ថែមទេ។ មានន័យថា សមាជិកក្រុមប្រឹក្សាប្រតិបត្តិដែលត្រូវបន្តអាណត្តិសរុប ១៨ប្រទេស គឺមកពីទ្វីបអាហ្វ្រិកចំនួន៥ អាមេរិកចំនួន ៥ អាស៊ីចំនួន ៤ អឺរ៉ុបចំនួន ៣ និងមកពីទ្វីបអូសេអានីចំនួន ១។
នៅក្នុងអំឡុងនៃកិច្ចប្រជុំនេះ A-WEB បានរៀបចំការតាំងពិព័រណ៍ស្តីពីការបោះឆ្នោតទៅតាមទ្វីបទាំង៥ ដោយស្នើសុំសកម្មភាពជារូបភាព និងវីដេអូពីសមាជិកទាំងអស់។ នៅក្នុងស្តង់អាស៊ី សមាជិកមួយចំនួន ក្នុងនោះលោក Terry Tselane ប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃវិទ្យាស្ថាន IEMSA, Institute of Election Management Services in Africa ដែលមានន័យថា វិទ្យាស្ថានផ្តល់សេវាគ្រប់គ្រងការបោះឆ្នោតនៅអាហ្វ្រិក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដែល គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ដំរី ដើម្បីដឹកហិបឆ្នោត ជាពិសេសការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទៅកាន់ការិយាល័យលេខ ១៣៣ ក្នុងខេត្តមណ្ឌលគិរី។
លោក ឌឹម សុវណ្ណារុំ បានពន្យល់ទៅលោក Terry Tselane ពីភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប ហើយ គ.ជ.ប បានចូលរួមការតាំងពិព័រណ៍នេះ ក្នុងខ្លឹមសារគន្លឹះ ៧ម៉ាត់គឺ ឯករាជ្យភាព តម្លាភាព សុចរិតភាព ភាពមិនលំអៀង ប្រសិទ្ធភាព វិជ្ជាជីវៈភាព និងភាពជាអ្នកបម្រើសេវា នេះឯង។ ពាក់ព័ន្ធនឹងការងារដែល គ.ជ.ប បាននិងកំពុងរៀបចំបង្កើតវិទ្យាស្ថាន មានប្រទេសជាច្រើនបានប្រកាសជួយមានជាអាទិ៍៖ ប្រទេសអាហ្វ្រិចខាងត្បូង រូម៉ានី ឥណ្ឌា និងកូរ៉េខាងត្បូង។
សូមជម្រាបជូនថា រហូតមកដល់ពេលនេះ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា មានដៃគូជាស្ថាប័នរៀបចំការបោះឆ្នោតចំនួន ១១៤ មកពី ១០៦ប្រទេស ក្នុងពិភពលោក។ ប្រទេសទាំងនេះ អាចចូលរួមក្នុងក្របខ័ណ្ឌ A-WEB ដើម្បីសង្កេតមើលការបោះឆ្នោតនៅក្នុងប្រទេសជាសមាជិករបស់ A-WEB និងជាសាក្សីនៃការបោះឆ្នោតមួយដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឈរលើស្មារតីនៃលទ្ធិប្រជាធិប-តេយ្យសេរី ពហុបក្ស។