(កាប៊ុល)៖ ក្រុមតាលីបង់បាននិយាយថា ការលុបចោលកិច្ចចរចាដើម្បីស្វែងរកសន្តិភាព ឱ្យប្រទេសអាហ្វហ្គានីស្ថាន ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យជនជាតិ អាមេរិកស្លាប់កាន់តែច្រើន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែកញ្ញា ឆ្នាំ២០១៩។
ការព្រមានខាងលើរបស់តាលីបង់ ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានលុបចោលកិច្ចចរចាស្វែងរកសន្តិភាព ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ នៅឯជំរុំដេវីដ (Camp David) នៃរដ្ឋ ម៉ារីឡេនដ៍ (Maryland) ដោយសារតែការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ក្រុមតាលីបង់ បានផ្ដាច់ជីវិតទាហានអាមេរិកម្នាក់ និងមនុស្ស ១១នាក់ ក្នុងរដ្ឋធានីកាប៊ុលកាលពីសប្ដាហ៍មុន។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូលឡាហ៍ មូហ្សាហ៊ីដ (Zabihullah Mujahid) បានព្រមាន និងរិះគន់ យ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ។ លោក Mujahid បានបន្ថែមដូច្នេះថា «ការសម្រេចចិត្តលុបចោលកិច្ចចរចានេះ នឹងធ្វើឱ្យជនជាតិអាមេរិកស្លាប់កាន់តែច្រើន... និងបង្ហាញប្រាប់ពិភពលោកថា ការបាត់បង់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិនឹងកើនឡើងតែប៉ុណ្ណោះ»។
គួរជម្រាបថា កាលពីសប្ដាហ៍មុនមានសេចក្ដីរាយការណ៍ជាច្រើនថា សហរដ្ឋអាមេរិក និងតាលីបង់ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ក្នុងនោះរួមមានទាំងការដកកងទ័ពអាមេរិក ៥,៤០០នាក់ក្នុងរយៈពេល ២០សប្ដាហ៍ ចេញពីអាហ្វហ្គានីស្ថានផងដែរ។ ប៉ុន្តែក្ដីសង្ឃឹមបញ្ចប់សង្រ្គាមជិត១៨ឆ្នាំ មកនេះនៅអាហ្វហ្គានីស្ថាន ត្រូវបានរលាយទៅវិញក្រោយមានការវាយប្រហារបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងកាប៊ុល។
បច្ចុប្បន្នកងទ័ពអាមេរិក ១៤,០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបើតាមរបាយការណ៍ UN កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ ជនស៊ីវិល ៣២,០០០នាក់បានស្លាប់ ហើយកងទ័ពអាមេរិកច្រើនជាង ២,៣០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពី ឆ្នាំ២០០១មក។ ដោយឡែកនៅមុននេះបន្តិច រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានបញ្ជាក់ផងដែរថា ការដកទ័ពអាមេរិកពីអាហ្វហ្គានីស្ថាន នឹងមានអាចកើតមាននោះឡើយ បើសិនជាអាមេរិក និងតាលីបង់មិនអាចសម្រេចចេញនូវកិច្ចព្រមព្រៀងជាមួយគ្នា៕