(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។
សូមជម្រាបថា លទ្ធផលប្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រកាសនៅម៉ោង៣រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តដទៃទៀត នឹងប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញាស្អែកនេះ។
យោងតាមក្រសួងអប់រំ ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន៤៤៣នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន១៤១នាក់, ខេត្តសៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, ខេត្តតាកែវ ២៩នាក់, ខេត្តកំពង់ចាម ២៧នាក់, ខេត្តព្រៃវែង ២៧នាក់, ខេត្តបន្ទាយមានជ័យ ២៥នាក់, ខេត្តកណ្តាល ២៣នាក់, ខេត្តកំពត ២៣នាក់, ខេត្តត្បូងឃ្មុំ ១៥នាក់, ខេត្តកំពង់ធំ១៤នាក់, ខេត្តព្រះសីហនុ ១៣នាក់, ខេត្តស្វាយរៀង ៨នាក់, ខេត្តពោធិ៍សាត់ ៧នាក់, ខេត្តកំពង់ឆ្នាំង ៦នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តក្រចេះ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តមណ្ឌលគិរីម្នាក់ និងខេត្តឧត្តរមានជ័យម្នាក់។
គួររំលឹកថា ការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ មានមណ្ឌលប្រឡងគ្រប់រាជធានីខេត្តចំនួន ២០២មណ្ឌល បន្ទប់ប្រឡង៤,៧២៤បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៧០៤៣នាក់។ បេក្ខជនអវត្តមានចំនួន១៨៣៥នាក់៕