(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង ទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន២៧កន្លែង នៅក្នុងរាជធានីភ្នំពេញ ដែលសង្ស័យថា អាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃ និងតម្រូវឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើ និងច្បាប់ស្តីពី «តំបន់ការពារធម្មជាតិ»។
បើតាមការគូសបញ្ជាក់របស់ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយបានបញ្ជាក់ថា រហូតមកទល់ពេលនេះ ក្រសួងបរិស្ថាន បានជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់វត្ថុអនុស្សាវរីយ៍ ចំនួន៥៩កន្លែងហើយ ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញចំនួន ២៧កន្លែង ខេត្តសៀមរាប ចំនួន៣០កន្លែង និងខេត្តព្រះសីហនុ ចំនួន២កន្លែង។
លោក នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើម្ចាស់អាជីវកម្មមានលាក់ទុក ឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះ សូមប្រញាប់ប្រគល់ជូនដល់សមត្ថកិច្ច ហើយបើប្រសិនបើសមត្ថកិច្ចរកឃើញ និងចាប់បាននឹងចាត់វិធានការ ចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។
បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀត ពាក់ព័ន្ធនឹងសត្វព្រៃផ្សេង គឺល្មើសច្បាប់ត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥) ដែលប្រសិនបើរកឃើញថាមានកំហុសនោះនឹងត្រូវប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ និងប្រឈមមុខនឹងការផ្តន្ទាទោសជាប់ពន្ធនាគារ ថែមទៀតផង។
ការជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពីការជួញដូរសត្វព្រៃខុសច្បាប់ទាំងអស់នេះ ត្រូវបានលោក នេត្រ ភក្ត្រា គូសបញ្ជាក់ឱ្យដឹងថា ធ្វើឡើងបន្ទាប់ ពីតាមរបាយការណ៍អង្កេតស្រាវជ្រាវយ៉ាងដិតសល់របស់កម្លាំងមានសមត្ថកិច្ចនាពេលថ្មីៗនេះ បានបង្ហាញថា ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួន មានលក់គ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូលនិងនាំចេញនូវទំនិញ ដូចបានបញ្ជាក់ ជូនខាងលើ គឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូល ជាឧក្រិដ្ឋកម្ម ដូចមានចែងនៅក្នុង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ជាងនេះទៀត ការកើតមាននូវសកម្មភាពទាំង នេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានឹងជះឥទ្ធិពលអវិជ្ជមាន ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។ សកម្មភាពទាំងនេះត្រូវប្រឈមនឹងការអនុវត្តច្បាប់ដ៏តឹងរឹងបំផុត»។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ការចេញលិខិតជូនដំណឹងនេះ ដើម្បីណែនាំដល់ម្ចាស់អាជីវកម្មទាំងឡាយបញ្ឈប់ជាបន្ទាន់ នូវការជួញដូរសត្វព្រៃខុសច្បាប់នេះ និងការពង្រឹងបន្ថែមនូវការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើស ដើម្បីលុបបំបាត់ការជួញដូរសត្វព្រៃ គ្រប់រូបភាពទាំងអស់ ទាំងកន្លែងកែច្នៃ និងកន្លែងលក់។
លោក នេត្រ ភក្ត្រា បានបន្ថែមយ៉ាងដូច្នេះថា៖ «កម្ពុជាក្នុងនាមជាសមាជិក អង្គការសហប្រជាជាតិគឺត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការ ជាលក្ខណៈអន្តរជាតិ ជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិនានាក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក»។
លោក នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នា ដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។ តួយ៉ាង កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃ ជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យ ជាប្រាក់ជាដើម។
សូមបញ្ជាក់ថាកន្លងមក អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាស ដែលលួចនាំចូល ក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។ យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប។ ក្រៅពីនោះក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងទៀត ដែលត្រូវបានអាជ្ញាធរបង្ក្រាបបានផងដែរ។
បរទេសមួយចំនួនបានស្នើសុំឱ្យមានការដុតបំផ្លាញចោលនូវវត្ថុដ៏មានតម្លៃទាំងនេះ ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចត្រូវរក្សាទុកនូវភ្លុកដំរី កុយរមាស និងសំណាកសត្វកម្រដទៃទៀត ដែលកម្លាំងសមត្ថកិច្ចកម្ពុជា បង្ក្រាបបានរក្សាទុក ដើម្បីដាក់តាំងពិព័រណ៌សម្រាប់សាធារណជនទស្សនា និងសម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ ព្រោះនេះ គឺជារបស់កម្រហើយវាជារបស់ដែលវាជិតដាច់ពូជទៀតផង។ បច្ចុប្បន្ន ភ្លុកដំរី និងកុយរមាស រួមនឹងសំណាកសត្វកម្រផ្សេងទៀត ត្រូវបានរក្សាទុក នៅកន្លែងដ៏មានសុវត្ថិភាពបំផុត។
កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយនាពេលថ្មីៗនេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបានចេញវិធានការរឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាសខុសច្បាប់ សត្វ និងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃទៀត ដែលច្បាប់ហាមឃាត់ឱ្យកាន់តែមានប្រសិទ្ធភាពដោយដាក់ចុះនូវវិធានការចំនួន៦ចំណុច រួមមានដូចជា៖ ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មាន ដែលមាននៅលើនិវេទន៍បណ្ណ អញ្ញត្តិបណ្ណ វិក្កយបត្រ និងឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំចេញ និងការឆ្លងកាត់ខុសច្បាប់ នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាសខុសច្បាប់។ នេះជាបទល្មើសដែលត្រូវជាកម្មវត្ថុ នៃចំណាត់ការផ្លូវតុលាការ៕