(ភ្នំពេញ)៖ នៅទីបំផុតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃសុក្រនេះថា «ខ្ញុំបានសម្រេចចោទប្រកាន់បុគ្គល សម រង្ស៉ី និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន»។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ បានសម្រេច៖ បើកការស៊ើបសួរលើអង្គហេតុខាងលើនិងស្នើសុំ ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ សម រង្ស៉ី ភេទប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ (ក្រៅឃុំ) ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៤៣៧ ស្ទួន ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងដាក់ឲ្យស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន។
ការសម្រេចចោទប្រកាន់បុគ្គល សម រង្ស៉ី និងបញ្ជូនឲ្យស៊ើបសួរ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញអធិបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី ដែលហ៊ានប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ខណៈក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការប្រមាថដល់អង្គព្រះមហាក្សត្រ ជីវិតតម្កល់លើត្បូង៕