(ភ្នំពេញ)៖ អំណឹះតទៅគេលែងមានការសង្ស័យទៀត ហើយចំពោះលោក សម រង្ស៊ី ពីព្រោះគាត់កំពុងតាំងខ្លួនយ៉ាងចំហរក្នុងការប្រមាថ ដល់ព្រះចេស្តារបស់ព្រះមហាក្សត្រ ទោះបីជាព្រះអង្គត្រូវបានការពារយ៉ាងរឹងមាំដោយរដ្ឋធម្មនុញ្ ញដែលជាច្បាប់កំពូលរបស់ប្រទេសក៏ដោយ។ ទាំងពាក្យសម្តី និងទាំងសារនៅលើហ្វេសប៊ុកផ្លូវការ សម រង្សី មិនញញើតកោតក្រែងអ្វីឡើយក្នុងការវាយប្រហារត្រង់ៗទៅលើ ព្រះករុណាជាអម្ចាស់ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។
សម រង្ស៊ី បានទាញព្រះមហាក្សត្រភ្ជាប់ទៅរឿងនយោបាយដើម្បីធ្វើជាកម្មវត្ថុ នៃការវាយប្រហាររបស់ខ្លួនទៅលើព្រះអង្គ។ សម រង្ស៊ី បានត្មះតេះដៀលព្រះមហាក្សត្រ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថាជាព្រះមហាក្រត្រមិនគួរជាទីគោរពស្រឡាញ់ដោយសារតែព្រះអង្គមិនបានអន្តរាគមន៍ជួយដល់ខ្លួន និងគូកនរបស់ខ្លួន នៅពេលកំពុងជាប់ផុងកាន់តែជ្រៅទៅៗដោយសារតែខ្លួនឯងជាអ្នកសាងកំហុស។ សម រង្ស៊ី បានលើកករណីដែលព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត និងការដែលព្រះអង្គយាងធ្វើជាព្រះរាជអធិបតីក្នុងការបើកសម័យប្រជុំរដ្ឋសភាថា ជាការបិទព្រះនេត្រ មិនខ្វល់ខ្វាយអំពីសុខទុក្ខរបស់រាស្ត្រ។ សម រង្ស៊ី បានលើកយកព្រះហស្ថលេខាប្រកាសឲ្យប្រើច្បាប់នានារបស់ព្រះមហាក្សត្រថា ជាការចាំតែប្រថាប់ត្រា។ សម រង្ស៊ី បានហៅច្បាប់ទាំងឡាយដែលរដ្ឋសភាអនុម័ត និងប្រកាសឲ្យប្រើថាជាច្បាប់ដ៏ឃោរឃៅ?
ហេតុអ្វីបានជា សម រង្ស៊ី អាចនិយាយពាក្យទាំងនេះចេញមករួច? ហើយតើហេតុអ្វីបានជា សម រង្ស៊ី ភ្ជាប់ព្រះហាក្សត្រទៅនឹងរឿងនយោបាយដើម្បី មានលេសវាយប្រហារទៅលើព្រះអង្គយ៉ាងឃោរឃៅបែបនេះ? គោលបំណងតែមួយគត់របស់ សម រង្ស៊ី គឺការស្រាយគំនុំគ្រួសារជាមួយអង្គព្រះ មហាក្សត្រនេះឯង។
ដើម្បីយល់ពីបញ្ហានេះ យើងអាចពិចារណាហេតុផលដូចតទៅ៖
ទី១៖ សម រង្ស៊ី មិនមែនមិនដឹងទេថា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស មាត្រា៧ ចែងថា ព្រះមហាក្សត្រគ្រងរាជសម្បត្តិ ប៉ុន្តែព្រះអង្គមិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រជាបុគ្គលដែលគ្មាននរណារំលោភបំពានបានឡើយ។ រដ្ឋធម្មនុញ្ញនេះក៏មានចំណែកលោក សម រង្ស៊ី ខ្លួនឯងជាអ្នកលើកដៃគាំទ្រផងដែរ។ សម រង្ស៊ី ក៏ដឹងដែរថា ព្រះ មហាក្សត្រមិនធ្វើនយោបាយ និងមិនពាក់ព័ន្ធនឹងនយោបាយទេ។ ប៉ុន្តែ សម រង្ស៊ី នៅតែទាញព្រះអង្គឲ្យមកពាក់ព័ន្ធរឿងនយោបាយ។
ទី២៖ សម រង្ស៊ី បានទម្លាក់កំហុសនយោបាយទាំងអស់ទៅលើព្រះមហាក្សត្រថា មិនបានដោះស្រាយ។ ប៉ុន្តែ សម រង្ស៊ី មានបានចោទសួរខ្លួនឯងទេថា បញ្ហានយោបាយទាំងអស់នោះ អ្នកណាជាអ្នកបង្កើតឡើង? គឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី ខ្លួនឯងឡើយ។ តើមានរឿងរ៉ាវប៉ុន្មានដែលសម រង្ស៊ី បានបង្កើតឡើងក្នុងមួយអាណត្តិៗរាប់តាំងពីមុនបោះឆ្នោត ពេលបោះឆ្នោត និងក្រោយបោះឆ្នោត? តើរឿងទាំងនោះអ្នកណាមាន លទ្ធភាពដោះស្រាយបាន? គឺគ្មានទាល់តែសោះពីព្រោះអ្វីដែល សម រង្ស៊ី ចង់បានគឺខ្លួនឈ្នះឆ្នោតឡើងកាន់អំណាច។ សូម្បីខ្លួនមិនដែលឈ្នះឆ្នោតសោះក៏ សម រង្ស៊ី ទាមទារថាខ្លួនឈ្នះដែរ។ តើព្រះមហាក្សត្រ ឬអ្នកណាដែលអាចកាត់ក្តីឲ្យ សម រង្ស៊ី ឈ្នះខណៈដែលខ្លួនចាញ់ឆ្នោតរាល់លើកដូច្នេះ?
ទី៣៖ សម រង្ស៊ី បានយកព្រះបរមរតនៈកោដ្ឋ ព្រះបាទនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រមកប្រៀបធៀបដើម្បីវាយប្រហារ បន្តុះបង្អាប់ព្រះមហាក្សត្របច្ចុប្បន្ន។ ប៉ុន្តែ សម រង្ស៊ី ប្រហែលភ្លេចហើយថា សូម្បីតែព្រះបរមរតនៈកោដ្ឋ ក៏ព្រះអង្គមិនអាចដោះស្រាយបញ្ហាជូយ សម រង្ស៊ី បានដែរពីព្រោះព្រះអង្គមិនអាចកាន់ ជើង សម រង្ស៊ី ហើយផ្តល់ភាពត្រឹមត្រូវអោយ សម រង្ស៊ី បានទេ បើ សម រង្ស៊ី ខ្លួនឯងចង់បានអ្វីដែលខ្លួនមិនត្រូវបាននោះ? សម រង្ស៊ី មាននៅចាំទេ កាលពីថ្ងៃ៥ ធ្នូ ២០០៣ ព្រះបរមរតនៈកោដ្ឋធ្លាប់បានសម្រេចនយោបាយផ្សះផ្សារជាតិតែ សម រង្ស៊ី មិនទទួលយកហើយថែមទាំងធ្លាប់បានវាយប្រហារទៅលើព្រះបរមរតនៈកោដ្ឋទៀតផង។
ដោយសារតែ សម រង្ស៊ី មិនទទួលយកដំណោះស្រាយតាមព្រះរាជតម្រិះរបស់ព្រះបរមរតនៈកោដ្ឋហើយទើបនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកប្រតិបត្តិការ១៨ម៉ោង ដើម្បីចងសម្ព័ន្ធភាពតែជាមួយ សម្តេចក្រុមព្រះដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដោយគ្មាន សម រង្ស៊ី ។ ព្រឹត្តិការណ៍នោះបានធ្វើឲ្យ សម រង្ស៊ី រឹតតែចុកឈាមហើយរឹតតែចងគំនុំជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព្រះរាជវង្សកាន់តែខ្លាំង។ ដូច្នេះទោះជាមានព្រះបរមរតនៈកោដ្ឋ ១០អង្គក៏ដោះស្រាយរឿង សម រង្ស៊ី មិនឈ្នះដែរ។
ទី៤៖ ពេលខ្លួនបង្កបញ្ហាម្តងៗ សម រង្ស៊ី មិនដែលនឹកឃើញស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រភ្លាមៗទេ ហើយសម រង្ស៊ី ក៏មិនដែលឲ្យតម្លៃលើការជជែកគ្នារវាងខ្មែរនិងខ្មែរដែរ។ ជាបឋម សម រង្ស៊ី តែងនឹកឃើញតែម្យ៉ាងគត់គឺការរត់ទៅពឹងពាក់បរទេសឲ្យជួយដាក់សម្ពាធមកលើរដ្ឋាភិបាលបក្សកាន់ អំណាចពឹងបរទេសឲ្យកាត់ជំនួយ កុំឲ្យទិញទំនិញពីកម្ពុជា។ល។ និង។ល។ សម រង្ស៊ី តែងអួតក្អេងក្អាងអំពីមហាអំណាចដែលនៅពីក្រោយខ្នង ហើយតែងរំពឹងថា ពួកគេអាចជួយខ្លួនបាន។ ទាល់តែបរទេសជួយមិនបាន អស់ក្រឡាដើរ ហក់លែងរួច និងពេលទឹកហៀបចូលច្រមុះ ទើប សម រង្ស៊ី ងាកមករកសុំចរចាជាមួយបក្សកាន់អំណាច ឬក៏សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។ ក្នុងស្ថានភាពនេះ តើអ្នកណាអាចជួយ សម រង្ស៊ី បាន?
សរុបទៅ ការដែលសម រង្ស៊ី ទាញព្រះមហាក្សត្រឲ្យជាប់ពាក់ព័ន្ធនឹងនយោបាយគឺជាចេតនារបស់ សម រង្ស៊ី ក្នុងការបង្កើតលេសដើម្បីវាយប្រហារទៅលើព្រះអង្គ។ គោលដៅពិតប្រាកដរបស់ សម រង្ស៊ី គឺការស្រាយគំនុំសងសឹកជំនួសឪពុកដែលត្រូវបានព្រះបរមរតនៈកោដ្ឋពេលនោះចោទថាជា «ជនក្បត់ជាតិ»។ គំនុំគ្រួសារបានឆេះងំក្នុងខ្លួន សម រង្ស៊ី រហូតដោយគ្មានថ្ងៃស្រាកស្រានឡើយ។
តាមពិត សម រង្ស៊ី ជាអ្នកប្រឆាំងរាជានិយមតាំងពីដំបូងមកម៉្លេះ ហើយគោលដៅរបស់ សម រង្ស៊ី គឺចង់ស្រាយគំនុំនេះជាមួយព្រះបរមរតនៈកោដ្ឋដោយផ្ទាល់តែម្តង។ កាលណោះ សម រង្ស៊ី ធ្វើជាគោរពព្រះបរមរតនៈកោដ្ឋតែនៅចំពោះមុខព្រះអង្គតែប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយវិញ សម រង្ស៊ី មិនដែលគោរព និងឲ្យតម្លៃព្រះអង្គឡើយ។
ជាអកុលស សម រង្ស៊ី គ្មានឱកាសបានស្រាយគំនុំជាមួយព្រះនបរមរតនៈកោដ្ឋឡើយរហូតដល់ព្រះអង្គចូលសោយទីវង្គត។ សម រង្ស៊ី ពិតជាសោកស្តាយខ្លាំងណាស់ដែល មិនបានចេញមុខវាយប្រហារតិះដៀលព្រះបាទ នរោត្តម សីហនុ បានពេលព្រះអង្គនៅមានព្រះជន្មពីព្រោះ សម រង្ស៊ី មិនហ៊ានព្រោះដឹងថា ព្រះបរមរតនៈកោដ្ឋមាន ប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ បើ សម រង្ស៊ី ហ៊ានប៉ះព្រះអង្គជាចំហរ ច្បាស់ជាចប់ហើយជីវិតនយោបាយរបស់គាត់តាំងពីពេលនោះម៉្លេះ។
ឥឡូវនេះ សម រង្ស៊ី ដល់ពេលដែលត្រូវស្រាយគំនុំរបស់ខ្លួនហើយពីព្រោះជនក្បត់រាជបល្ល័ង្គរូបនេះយល់ច្បាស់ពេកថា ជីវិតនយោបាយរបស់ខ្លួនពិតជាបានដល់ទីបញ្ចប់ហើយ។ ដូច្នេះ សម រង្ស៊ី ក៏ឆ្លៀតឱកាសដែលខ្លួនកំពុងទឹកចូលច្រុមុះក៏ចេញមុខជាចំហត្រដរខ្យល់វាយប្រហារទៅលើព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី តែម្តងទៅដើម្បីបានស្រាយគំនុំគ្រួសារផង និងក្រែងលោប្រមូលបានការគាំទ្រពីក្រុមដែលមិនពេញចិត្តនឹងព្រះមហាក្សត្របានខ្លះផង។ នេះគឺជាអ្វីដែល សម រង្ស៊ី រំពឹងថាជាយុទ្ធសាស្ត្រ «ព្រួញមួយបាញ់បានសត្វពីរ»។ ប៉ុន្តែជាអកុសលគ្រាប់ព្រួញចុង ក្រោយរបស់ សម រង្ស៊ី នេះជាព្រួញដែលអស់ខ្យល់ផង និងបញ្ច្រាសទិសខ្យល់ផងដែលមិនអាចឲ្យខ្លូនសំរេចគោលដៅបាន។
ពិតណាស់ថា ការប្រកាសធ្វើសង្គ្រាមជាមួយអង្គព្រះមហាក្សត្រនៅពេលនេះបានធ្វើឲ្យ សម រង្ស៊ី បាក់មុខមាត់ អស់តម្លៃ និងបាត់បង់ការគាំទ្រកាន់តែខ្លាំងតែម្តង។ ជាក់ស្តែងសូម្បីតែអ្នកវិភាគមួយចំនួនដែលពីមុនធ្លាប់កាន់ជើង សម រង្ស៊ី ក៏ពេលនេះពួកគេយល់ថា ទង្វើរបស់ សម រង្ស៊ី គឺជាចរិតព្រហើនកោងកាចយ៉ាងខ្លាំងដែលមិនសមជាអ្នក នយោបាយទាល់តែសោះគួបផ្សុំ នឹងការថ្កោលទោសក៏ឃើញមានចេញពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់សង្គមទាំងក្នុងនិងក្រៅប្រទេស។
លើសពីនេះ សម រង្ស៊ី ក៏បានបង្កើតកំហុសឲ្យខ្លួនឯងដល់កម្រិតអតិបរមាហើយនៅពេលនេះ ពោលគឺទោសពានវាំងតែម្តង។ មិនត្រឹមតែប្រមាថព្រះមហាក្សត្រ ដោយខ្លួនឯងប៉ុណ្ណោះទេ សម រង្ស៊ី បានបើកទំព័រហ្វេសប៊ុករបស់ខ្លួនជាទីលានវាយប្រហារត្មះតេះដៀលព្រះមហាក្សត្រយ៉ាងព្រៃផ្សៃបំផុត។ អំពើនេះបានបកអាក្រាតសារជាតិក្បត់រាជបល្ល័ង្គរបស់ សម រង្ស៊ី ឲ្យសាធារណៈជនទូទៅបានដឹងជាសាធារណៈតែម្តង។
បើនិយាយពីជំនឿវិញ ពេលនេះ សម រង្ស៊ី ដល់ពេលដែលត្រូវទទួលកម្មពៀរហើយ។ អំពើអាក្រក់ដែលជននេះបានសាងចំពោះជាតិ ចំពោះប្រជាជន និងចំពោះព្រះមហាក្សត្រទាំងប៉ុន្មាន កំពុងវិលមកសង្កត់កសម រង្ស៊ី ឲ្យវិលក្បុង វង្វេង គិតអ្វីមិនឃើញ ក្រៅពីការប្រព្រឹត្តអំពើអាក្រក់ជួរជាតិរហូតដល់ហ៊ានប្រឆាំង នឹងព្រះមហាក្សត្រជាចំហរ។ បើនិយាយតាមបែបរឿងល្ខោនវិញ នេះជាឈុតចុងបញ្ចប់ហើយដែលតួអាក្រក់ត្រូវស្លាប់ ឬជាប់ គុក ចំណែកតួល្អបានសម្រេចតាមបំណងដែលខ្លួនប៉ងប្រាថ្នា។ និយាយតាមបែបអក្សរសិល្ប៍គឺសាច់រឿងត្រូវបានបញ្ចប់ដោយសង្ឃឹម។ តួអាក្រក់កំពុងស្លឈាមសូម្បីគ្រូរបស់ខ្លួនក៏ ហ៊ានប្រមាថដែរ។ ប៉ុន្តែបន្ទាប់ពីឈុតចុងក្រោយនេះទៅ វាំងននជីវិតនយោបាយបៀមដោយគំនុំគ្រួសាររបស់ សម រង្ស៊ី ក៏ត្រូវបិទតែត្រឹមនេះជាស្ថាពរទៅតាមជោគជាតាកម្មដែលគាត់បានសាង៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ