(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា មានតែនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់គ្នាទេ ដែលអាចការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដី របស់ប្រទេសកម្ពុជាបាន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ យុទ្ធភូមិភាគទី៤ (អូរស្មាច់) ស្រុកសំរោង និងទីបញ្ជាការកងការពារព្រំដែនគោកលេខ ៤០៣ នៅស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន តែងតែបានអំពាវនាវឱ្យកងកម្លាំងទាំងអស់ ជាពិសេសកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែធ្វើយ៉ាងណាការពារឱ្យបាននូវសុខសន្តិភាពជូនជាតិ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានឆ្លងកាត់ការបោះឆ្នោត ពីប្រជាពលរដ្ឋដ៏ត្រឹមត្រូវ ដាច់ខាតកុំឱ្យមានពួកប្រឆាំង ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល សម្រេចបំណងឲ្យសោះ ដូចនេះហើយមានតែនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធទេ ដែអាចការពារ រាជរដ្ឋាភិបាលស្របច្បាប់ ការពារបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាបាន។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងសារធារណការ និងដឹកជញ្ជូន គឺមានតួនាទីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវថ្នល់ ស្ពាន ដើម្បីចូលរួមកសាងជាតិមាតុភូមិរបស់យើងផងដែរ ក៏ប៉ុន្តែការកសាងនេះមិនអាចកើតឡើងបានទេ បើប្រទេសជាតិមិនមានសុខសន្តិភាពនោះ ដូចនេះហើយកត្តាសុខសន្តិភាពនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីកសាងប្រទេសជាតិ ឱ្យមានការរីកចំរើន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា បើមានសុខសន្តិភាព គឺយើងមានឱកាសទាក់ទាញវិនិយោគមកដាក់ទុនក្នុងប្រទេសយើង ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋធ្វើ ហើយកត្តាសន្តិភាពនេះ ក៏អាចទាក់ទាញភ្ញៀវទេសចរ មកលេងប្រទេសយើងកាន់តែច្រើន មានឱកាសបានកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងអ្វីៗផ្សេងទៀតជាច្រើនផងដែរ ដូចនេះហើយសុខសន្តិភាពនេះ គឺពិតជាមានសារៈសំខាន់ណាស់ មិនអាចរកអ្វីមកប្រៀបបាននោះទេ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំតស៊ូ ជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមជួយការពារសុខសន្តិភាព កសាងប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល បើគ្មានសុខសន្តិភាពនោះទេ គឺមិនអាចមានអ្វីៗទាំងអស់។
ជាមួយគ្នានោះដែរ តបតាមសំណើររបស់លោកមេបញ្ជាការកងកាពារព្រំដែនគោកលេខ៤០២ និង៤០៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់ជូននូវផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២,៥០០ម៉ែត្រ និងមួយខ្សែទៀតប្រវែង១,៥០០ម៉ែត្រ វិទ្យុទាក់ទង២០គ្រឿង កុំព្យូទ័រលើតុ២គ្រឿង ម៉ាស៊ីនព្រីនខ្នាតធំ២គ្រឿង។ ផ្តល់ជូនកងកាពារព្រំដែនគោកលេខ៤០៣ មានបន្ទប់ទឹក៥, លូ៥០កង់, GPS ៣គ្រឿង, ម៉ាស៊ីភ្លើង១គ្រឿង, ឌីណាម៉ូ១គ្រឿង និងខ្សែភ្លើង ៥០០ម៉ែត្រ។
សូមបញ្ជាក់ដែរថា អំណោយដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយកមកផ្តល់ជូនដល់ទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ និងទីបញ្ជាការកងកាពារព្រំដែន គោកលេខ៤០៣ រួមមាន៖ ទឹកត្រី ២០០យួរ ទឹកស៊ីអ៉ីវ ២០០យួរ មីយើង៣០០កេស ត្រីខ៣០កេស អង្ករ៥តោន បារី៥ប៊ិច តង់៤x៦ ចំនួន៣៥តង់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ក្នុងម្នាក់៣ម៉ឺនរៀល ផ្តល់ជូនអង្គភាពកងការពារព្រំដែនគោកលេខ៤០២ ចំនួន១៥លានរៀល និងអង្គភាពកងការពារព្រំដែនគោកលេខ៤០៣ ចំនួន១៥លានរៀល៕