(សៀមរាប)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា រួមជាមួយលោក ឆាធុមង្គល សុណាគុល (Chatumongol Sonakul) រដ្ឋមន្រ្តីក្រសួងការងារថៃ បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដែលបានព្រមព្រៀងជាមួយគ្នារួចហើយ នាពេលកន្លងមក និងខិតខំដោះស្រាយបញ្ហាថ្មីៗ ដែលកើតមានលើពលករនៃប្រទេសទាំងពីរ។
ការប្ដេជ្ញាខាងលើនេះ ត្រូវបានធ្វើឡើងនាឱកាសដែលថ្នាក់ដឹកនាំទាំងពីរជួបពិភាក្សាគ្នា នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ពោលគឺនៅកំលុងពេលចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ នៅខេត្តសៀមរាប។
ភាគីទាំងពីរបានសម្ដែងការពេញចិត្ត ចំពោះលទ្ធផលកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការងារ នៃប្រទេស CLMTV លើកទី៣នេះ ដែលបានសម្រេចការឯកភាពគ្នាលើសេចក្ដីព្រាងផែនទីបង្ហាញផ្លូវសៀមរាប ដើម្បីឆ្ពោះទៅកាន់សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការងារ ស្ដីពីចល័តភាពនៃរបបសន្ដិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV។
លោក អ៉ិត សំហេង បានថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងការងារថៃ ដែលបានសម្របសម្រួលការដំណើរការ ផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ នាពេលកន្លងមក ហើយពលករទាំងនោះក៏ទទួលបានការគាំពារពេញលេញ ស្របតាមច្បាប់នៃប្រទេសថៃផងដែរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីថៃក៏បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើពលករខ្មែរ ដែលនឹងផុតសុពលភាពធ្វើការនៅប្រទេសថៃ ដោយរៀបចំយន្តការបន្ថែមទៀត មិនចាំបាច់តម្រូវឱ្យេពួកគេមានការចំណាយច្រើន ក្នុងពេលត្រឡប់មកប្រទេសកម្ពុជាវិញឡើយ។
រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងថៃ ក៏ថែមទាំងបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើអ្វី ដែលបានព្រមព្រៀងគ្នាហើយ និងខិតខំដោះស្រាយបញ្ហាថ្មីៗ ដែលកើតឡើងនាពេលខាងមុខបន្ទាប់ទៀត ដើម្បីពង្រឹងសុខុមាលភាពរបស់ពលករនៃប្រទេសទាំងពីរ ជាពិសេសពលករនេសាទ៕