(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ដែលកំពុងមានទោសបទល្មើសរុំពេញខ្លួននោះកាន់តែព្រហើន និងផ្គើនកាន់តែខ្លាំងទៅៗ ដោយមានចេតនាបង្កសង្រ្គាម នៅក្នុងប្រទេសកម្ពុជា បំផ្លាញសេចក្តីសុខប្រជាពលរដ្ឋកម្ពុជា។
ជាក់ស្តែងនៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅលើហ្វ៊េសប៊ុក, លោក សម រង្ស៊ី អំពាវនាវទៅកងកម្លាំងប្រដាប់អាវុធងើបឡើងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា នឹងនិយាយថា រកលុយចិញ្ចឹមទ័ពដែលផ្តាច់ខ្លួន។
តាមរយៈពាក្យសំដីនេះ ទណ្ឌិត សម រង្ស៊ី កំពុងតែប្រព្រឹត្តបទល្មើសកាន់តែធ្ងន់ធ្ងរទៅៗ ជាការញុះញ៉ង់កងកម្លាំងប្រដាប់អាវុធ ខណៈដែលកងទ័ពកម្ពុជា កំពុងបំពេញភារកិច្ចបម្រើជាតិ សាសនា ព្រះមហាក្សត្រ ក្រោមម្លប់សន្តិភាព។
ទណ្ឌិត រង្ស៊ី មិនត្រឹមតែប្រព្រឹត្តខុសច្បាប់សន្តិសុខជាតិរបស់ប្រទេសកម្ពុជានោះទេ គឺកំពុងធ្វើខ្លួនជាមេឧទ្ទាម មេភេរវកម្មដោយមានបំណងប្រើចុងអាវុធ ដែលពិភពលោកកំពុងប្រយុទ្ធប្រឆាំង និងជាទង្វើស្អប់ខ្ពើមបំផុត ដែលមានចេតនាបំផ្លាញសន្តិសុខជាតិ និងអន្តរជាតិ។
កម្ពុជាចូលជាភាគី នៃអនុសញ្ញាអាស៊ាន ស្តីពីការប្រឆាំងអំពើភេរវកម្មកាលពីឆ្នាំ២០១០ ដើម្បីរួមគ្នាប្រឆាំងអំពើភេរវកម្ម។ អនុសញ្ញាស្តីពី ការប្រឆាំងអំពើភេរកម្ម បានបញ្ជាក់ថា បណ្តាប្រទេសជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន រួមមាន៖ ប្រទេសប្រ៊ុយណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសឹង្ហបុរី ប្រទេសថៃ ប្រទេសវៀតណាម គឺជាភាគី។
មាត្រា១ នៃអនុសញ្ញានេះមានគោលបំណង ផ្តល់នូវកិច្ចសហប្រតិបត្តិការនៅតាមតំបន់ដើម្បីប្រឆាំងទប់ស្កាត់ និងបង្រ្កាបនូវរាល់លក្ខណៈ និងទម្រង់គ្រប់ប្រភេទ នៃអំពើភេរវកម្ម និងដើម្បីធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំក្លាឡើង ក្នុងចំណោមភ្ញាក់ងារអនុវត្តច្បាប់ និងអាជ្ញាធរដែលពាក់ព័ន្ធរបស់ភាគីទាំងឡាយ ក្នុងប្រឆាំងនឹងភេរវកម្ម។
ទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលបង្ហាញភស្តុតាងច្បាស់ចេញពីមាត់របស់ខ្លួន ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី គឺពិតជាមានការរៀបចំផែនការធ្វើភេវរកម្ម ដោយចងក្រងជាក្រុម ស្វែងរកលុយដើម្បីចិញ្ចឹមចលនាភេរវកម្ម ដែលទង្វើនេះបណ្តាប្រទេសលើពិភពលោកកំពុងរួមគ្នាបង្រ្កាប ដូច្នេះមេដឹកនាំ និងសមត្ថកិច្ច នៅតាមបណ្តាប្រទេសទាំងឡាយត្រូវយកចិត្តទុកដាក់ និងសហការបង្រ្កាប ជាពិសេសទណ្ឌិត សម រង្ស៊ី មិនមែនធ្វើក្នុងន័យនយោបាយប្រឆាំងនោះទេ គឺហួសរហូតចង់ធ្វើជាមេភេរវករហើយ។
យោងតាមមាត្រា៦ នៃអនុសញ្ញាប្រឆាំងអំពើភេរវកម្មបានបញ្ជាក់ថា ភាគីនៃអនុសញ្ញានេះ ត្រូវចាត់នូវវិធានការដ៏ចាំបាច់ ដើម្បីទប់ស្កាត់ទៅនឹងការប្រព្រឹត្ត នៃសកម្មភាពរបស់ពួកភេរវករ រួមមានទាំងការផ្តល់នូវការក្រើនរំលឹកជាមុន ដល់ភាគីផ្សេងៗទៀត តាមរយៈការផ្លាសប្តូរព័ត៌មាន។ ទប់ស្កាត់នូវរាល់ជនទាំងឡាយណា ដែលផ្តល់ផ្នែកហិរញ្ញវត្ថុ រៀបចំផែនការ ផ្តល់លក្ខណៈងាយស្រួល ឬក៏ប្រព្រឹត្ត នូវសកម្មភាពភេវរកម្ម ពីការប្រើប្រាស់ទឹកដីនីមួយៗ របស់គេក្នុងគោលបំណងប្រឆាំងនឹងភាគីផ្សេងៗទៀត ទប់ស្កាត់បង្រ្កាប នូវការធ្វើហិរញ្ញប្បទានដល់សកម្មភាពភេរវកម្ម។
ទប់ស្កាត់នូវចលនារបស់ភេរវករ ឬក្រុមរបស់ពូកភេរវករដោយធ្វើការត្រួតពិនិត្យនៅតាមព្រំដែន និងត្រួតពិនិត្យលើការចេញ នូវលិខិតបញ្ជាក់អត្តសញ្ញាណ និងឯកសារធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងតាមរយៈបណ្តាវិធានការសម្រាប់ធ្វើការទប់ស្កាត់ការក្លែងបន្លំ លើការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណ និងឯកសារធ្វើដំណើរក្លែងក្លាយ។ បង្កើនកិច្ចសហប្រតិបត្តិការលើការឆ្លងកាត់ព្រំដែន និងបង្កើនការផ្លាស់ប្តូព័ត៌មានចារកម្ម និងចែករំលែកព័ត៌មាន។
ក្នុងខ្ញុំជាប្រជាពលរដ្ឋកម្ពុជា សូមអំពាវនាវដល់បណ្តាប្រទេសនានា លើពិភពលោក ជាពិសេសបណ្តាប្រទេសអាស៊ាន សូមយកចិត្តទុកដាក់ និងសហការ ចាប់បង្រ្កាបចំពោះទណ្ឌិត ឈ្មោះ សម រង្ស៊ី និងបក្ខពួក រួមទាំងអ្នកពាក់ព័ន្ធនឹងការចូលរួមចលនារៀបចំផែនការភេរវកម្មនៅកម្ពុជា ដើម្បីទប់ស្កាត់ឲ្យបាន ទាន់ពេលវេលា ព្រោះបុគ្គលឈ្មោះ សម រង្ស៊ី បានឈានហួសពីអ្នកប្រឆាំង ក្នុងប្រទេសប្រជាធិបតេយ្យហើយ រហូតដល់វិវត្តន៍ខ្លួន មិនត្រឹមតែជាមេ បដិវត្តន៍ព័ណ៌ទេ គឺក្លាយជាមេឧទ្ទាម មេភេរវកម្មដោយកំពុងរៀបចំបណ្តាញ និងចង់ប្រើចុងអាវុធបង្ករសង្រ្គាម។
ខណៈដែលប្រទេសកម្ពុជា កំពុងមានសន្តិភាព ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធកំពុងរស់នៅប្រកប ដោយសុខសាន្ត ឆ្អែតនឹងសង្រ្គាម យើងខ្ញុំជាប្រជាពលរដ្ឋកម្ពុជា សូមគាំទ្រចំពោះចំណាត់ការទាំងឡាយណារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗ ក្នុងការទប់ស្កាត់បង្រ្កាប ទណ្ឌិតសម រង្ស៊ី និងបក្ខពួក ហើយសូមអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ី សូមដកខ្លួនជាបន្ទាន់ជៀសវាងចាញ់បោក មនោគមន៍របស់ទណ្ឌិតនេះ។
ដោយ៖ ជា ច័ន្ទបរិបួរណ៌