(ភ្នំពេញ)៖ ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយចក្រភពអង់គ្លេស មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនូវប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៅប្រទេសទាំងពីរ បានកើនឡើងដល់ជាង១ពាន់ដុល្លារ ខណៈដែលការនាំចេញរបស់កម្ពុជា មានច្រើនលើសលុប ជាងអង់គ្លេសនាំចូលមកម្ពុជាវិញ។
តួលេខផ្លូវការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់ចំនួន៤៦៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកម្ពុជា មានចំនួន១៥លានដុល្លារ។
នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានទឹកប្រាក់១,០៨៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន១,០១៨លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា មានតែ៦៥លានដុល្លារប៉ុណ្ណោះ។
នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានទឹកប្រាក់១,០៤៤លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសចំនួន១,០១៤លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជា ចំនួន៣០លានដុល្លារ។
ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត។
ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោកស្រី Heather Wheeler MP រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៉ី និងប៉ាស៉ីហ្វិក នៃក្រសួងការបរទេស ចក្រភពអង់គ្លេស បានប្រកាសជំហរថា អង់គ្លេសនឹងនៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ដល់ប្រទេសកម្ពុជា នៅពេលដែលអង់គ្លេសចាកចេញ ពីសហភាពអឺរ៉ុបជាផ្លូវការ។
ការផ្តល់ប្រព័ន្ធនុគ្រោះពន្ធពីប្រទេសមហាអំណាចអង់គ្លេស បានរួមចំណែកជួយអភិវឌ្ឍន៍កម្ពុជា ហើយកម្ពុជានឹងទទួលបានផលប្រយោជន៍បន្ថែមទៀតកាន់តែច្រើនឡើង។
សូមជម្រាបថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ផងដែរ សម្រាប់កម្ពុជា ក្នុងតំបន់អឺរ៉ុប។ អង់គ្លេសជាប្រទេសទី៣ ក្នុងតំបន់អឺរ៉ុប ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ៕