(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះដែលមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ប្រមាណ២៥នាក់ បានបន្តប្រតិបត្តិការរុករកពលរដ្ឋខ្មែរ២នាក់ ដែលបានបាត់ខ្លួន ក្នុងករណីដីភ្នំបាក់ដីសង្កត់ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំឡូត។
បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត ករណីនេះដោយសារតែប្រជាពលរដ្ឋខ្មែរទាំង២រូបនេះ បានបាត់ខ្លួននៅក្នុងទឹកដីថៃ ហើយភាគីកម្ពុជា ក៏បាននឹងកំពុងសហការជាមួយភាគីថៃ ដើម្បីរុករកជនរងគ្រោះផងដែរ។
ប្រតិបត្តិការនេះ កំពុងទទួលបានការយកចិត្តទុកដាក់ និងបញ្ជារផ្ទាល់ពី លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខណៈដែលក្រុមការងារកំពុងតែមមាញឹកក្នុងប្រតិបត្តិការរុករកថែមទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ បានចូលទៅក្នុងព្រៃ នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង២នាក់បាត់ខ្លួនផងដែរ៕