(ភ្នំពេញ)៖ មនុស្សគ-ថ្លង់កម្ពុជា ពិតជាមានសំណាង និងមានភព្វវាសនាទទួលបានការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះ នៃការលើកស្ទួយសិទ្ធិមនុស្សគថ្លង់នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។ ជាក់ស្តែង នៅឆ្នាំសិក្សា២០១៨-២០១៩នេះ សិស្សគ-ថ្លង់ ចំនួន៥៤៥នាក់ បានទទួលការអប់រំ តាំងពី កម្រិតបឋមសិក្សា រហូតដល់កម្រិត មហាវិទ្យាល័យ។ ដោយឡែក កាលពីពេលថ្មីៗនេះ សិស្សគ-ថ្លង់ ចំនួន៧នាក់ បានទទួលជោគជ័យជាស្ថាពរ ក្នុងសម័យប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។
នេះជាការលើកឡើងរបស់ លោក ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងឱកាសទិវាមនុស្សគ-ថ្លង់ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការងារទូទៅត្រូវគិតបញ្ចូល មនុស្សគថ្លង់» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមាន ពិការភាព» រៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមវត្តមានលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីជាន់ខ្ពស់ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងអង្គការជាតិ និងអន្តរជាតិ បងប្អូនពិការគ-ថ្លង់ជាច្រើនរូបទៀត។
លោកបានបន្ថែមថា ទិវាមនុស្សគថ្លង់អន្តរជាតិ ដែលជាការទទួលស្គាល់ពីសារៈសំខាន់នៃការប្រើប្រាស់ភាសាសញ្ញា និងជាទិសដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសជាការបំពេញតាមការសន្យារបស់រដ្ឋជាភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។ ទិវានេះផ្តល់ឱកាសដើម្បីគាំទ្រ និងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះនៃវប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅព្រះរាជាណាចក្រកម្ពុជា និងនៅលើពិភពលោក។
ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្សគថ្លង់ ដើម្បីបង្ហាញពីខ្លួនឯង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។ ការប្រើប្រាស់ភាសាសញ្ញា ក៏មានសារៈសំខាន់ផងដែរក្នុងការធានាការទទួលបានព័ត៌មាន និងការទទួលបាននូវសេវាកម្មនានា រាប់បញ្ចូលទាំងក្នុងគ្រាមានអាសន្ន ដែលជាការបំពេញ នូវសិទ្ធិសម្រាប់មនុស្សថ្លង់ជាង ៧០លាននាក់ នៅជុំវិញពិភពលោក។
លោក ឯម ច័ន្ទមករា បានលើកឡើងថា នៅថ្ងៃដដែលនោះ ក៏មានការប្រកាសដាក់ឱ្យអនុវត្ត «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព»ផងដែរ។ លោកបានបញ្ជាក់ថា សៀវភៅបទដ្ឋានបច្ចេកទេសដ៏មានសារៈសំខាន់នេះ មានចំនួន៣០៥ទំព័រ រំលេចដោយរូបភាពជាគំនូរ រូបថត និងអត្ថបទងាយយល់សម្រាប់អ្នកអានគ្រប់កម្រិត។
លោកបានឲ្យដឹងថា ការប្រកាសអន្តរក្រសួងរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដាក់ចេញនូវ «បទដ្ឋានបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» នេះពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់វិស័យសំណង់និងវិស័យពិការភាព។
គួរបញ្ជាក់ថា ទិវាមនុស្សគ-ថ្លង់ ត្រូវបានប្រារព្វឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ។ ដោយឡែក នៅព្រះរាជាណាចក្រកម្ពុជា ការរៀបចំទិវាមនុស្សគថ្លង់នេះ ត្រូវបានរៀបចំឡើងក្នុងកម្រិតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០១៣។ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាមនុស្សគថ្លង់អន្តរជាតិ៕