(ភ្នំពេញ)៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានថ្លែងថា «បើចង់បានតម្លៃភ្លើងថេរ និងតម្លៃថោកសមរម្យ ត្រូវរួមគ្នាថែរក្សាការអភិវឌ្ឍ និងសន្តិភាព ខណៈបណ្តាញអគ្គិសនីនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ពង្រាយដល់ភូមិបានជាង ៩០ភាគរយហើយ នៅទូទាំងប្រទេសនោះ»។
លោក កែវ រតនៈ បានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយអតីតមន្រ្តីអគ្គិសនី ចូលនិវត្តន៍ជាង ៦០០នាក់ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅអគ្គនាយកដ្ឋាន អគ្គិសនីកម្ពុជា។ លោក កែវ រតនៈបានលើកឡើងថា អគ្គិសនីកម្ពុជា នឹងមិនមានបញ្ហាបន្តទៀតនោះឡើយ នាប៉ុន្មានឆ្នាំខាងមុខនេះ ដោយកម្ពុជាបានទិញពីប្រទេសជិត ខាងសម្រាប់ផ្គត់ផ្គង និងបន្តពង្រាយបណ្តាញខ្សែភ្លើងជាតិ នៅគ្រប់ភូមិទាំងអស់ នាពេលខាងមុខនេះផងដែរ។
ខណៈនោះដែរ លោក កែវ រតនៈ ក៏បានលើកឡើងអំពីគុណបំណាចរបស់អតីតមន្រ្តី ចូលនិវត្តន៍ផងដែរ ដោយលោកអះអាងថា ប្រសិនបើគ្មានពួកគាត់ ក៏វិស័យអគ្គិសនីគ្មានការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះដែរ។ យ៉ាងណាក៏ដោយ លោកអគ្គនាយក ក៏បានអំពាវនាវដល់ មន្រ្តីចូលនិវត្តន៍ទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យបាននៅសុខសន្តិភាព និងការអភិវឌ្ឍនេះបន្តទៀត។
លោក កែវ រតនៈ បានលើកឡើងទៀតថា និវត្តជនអគ្គីសនី ដែលបានចូលរួមក្នុងឱកាសនេះ គឺជាវីរៈជនដែលបានចូលរួមចំណែក យ៉ាងសំខាន់បំផុតក្នុងវិស័យថាមពល និងវិស័យអគ្គីសនីកម្ពុជាជាច្រើនឆ្នាំ ដែលបានធ្វើឲ្យកម្ពុជា ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ វិស័យអគ្គីសនីកម្ពុជា បានចាប់ផ្តើមពីចំណុចសូន្យ រហូតមកដល់បច្ចុប្បន្ន វិស័យអគ្គីសនី អាចចាប់ទុកបានថា មានការរីកចម្រើនយ៉ាងឆាប់រហ័ស គឺកើតចេញពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាល និងការខិតខំប្រឹងប្រែងរបស់មន្ត្រីអគ្គីសនី ពីមួយជំនាន់ទៅមួយជំនាន់។
លោកបានបន្តទៀតថា សម្រាប់មន្ត្រីរាជការរបស់អគ្គីសនីកម្ពុជា ដែលបានចូលខ្លួនមកបម្រើការលើវិស័យនេះ ចាប់ផ្តើមពីមួយថ្ងៃ គឺជាគ្រួសាររបស់អគ្គីសនីកម្ពុជាមួយជីវិត ទោះបីថាជាបានចូលនិវត្តន៍ក៏ដោយ គឺមានការរួមសុខរួមទុក្ខជាមួយគ្នាជារៀងរហូត គ្មានថ្ងៃបំភ្លេច។
ជាមួយគ្នានោះដែរ លោក កែវ រតនៈ ក៏បានធ្វើការលើកឡើង ចំពោះការវិវត្តន៍របស់អគ្គីសនីកម្ពុជាសព្វថ្ងៃថា កន្លងមកអគ្គីសនីកម្ពុជា បានរៀបចំឲ្យមានក្រុមអគ្គីសនីរូបនីយ៍កម្មជនបទ ដែលជាក្រុមបម្រើការក្នុងការឧបត្ថម្ភធុន ដែលបានទម្លាក់កញ្ចប់ថវិកាជិត ១០០លានដុល្លារអាមេរិកនៅក្នុងមួយឆ្នាំ សម្រាប់ធ្វើការសម្រួលតម្លៃអគ្គីសនី សម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ មានតម្លៃសមរម្យនៅទូទាំងប្រទេស ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានការបន្តកើនឡើងក្នុងកម្រិត ៧ភាគរយនៅក្នុងមួយឆ្នាំ។
ជាងនេះទៅទៀត កាលពីពេលថ្មីៗ អគ្គីសនីកម្ពុជា បានធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន លើវិស័យអគ្គីសនី ជាមួយប្រទេសឡាវ ដោយនៅចុងខែ៩ ឆ្នាំ២០១៩នេះ អគ្គីសនីកម្ពុជា និងធ្វើការរៀបចំឲ្យមានការតភ្ជាប់នៅ កម្រិតតុងស្យុងខ្ពស់ពីឡាវមកដល់ភ្នំពេញ ដែលមានកម្លាំង ៥០០មេហ្គាវ៉ាត់ ពីបណ្តាញវារីអគ្គីសនីខេត្តអាន់តាពើ ប្រទេសឡាវ សម្រាប់ផ្គត់ផ្គង់ថាមពលបន្ថែមទៀត ក្នុងការបំពេញតម្រូវការនៃការប្រើប្រាស់ ថាមពលអគ្គីសនីរបស់កម្ពុជា ដែលកំពុងអភិវឌ្ឍន៍រីកចំយ៉ាងខ្លាំងនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ នៅចុងឆ្នាំ២០២៤ អំឡុងខែតុលា អគ្គីសនីកម្ពុជានឹងគ្រោងយកអគ្គីសនីដើរ ដោយកម្លាំងថាមពលធ្យូងថ្ម ចំនួន២ ពីប្រទេសឡាវ ដោយទី១ មានចំនួន៦០០មេហ្គាវ៉ាត់ និងទី២ ចំនួន១២០០មេហ្គាវ៉ាត់ផងដែរ ។
លោក កែវ រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍផងដែរ ដើម្បីឲ្យតម្លៃភ្លើងអគ្គិសនីកាន់តែថោក និងថេរ រួមទាំងងាយស្រួលក្នុងការប្រើប្រាស់ ដោយគ្មានបញ្ហាអ្វីបន្តទៀតនោះឡើយ។
លោកស្រី ដួង វណ្ណី តំណាងនិវត្តជនអគ្គីសនី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលតែងតែផ្តល់ឱកាសឲ្យនិវត្តជនទាំងអស់ បានជួបជុំគ្នា ដើម្បីអាចសាកសួរសុខទុក្ខគ្នា ទៅវិញទៅមក រៀងរាល់១ឆ្នាំម្តង។ និវត្តជនទាំងអស់ បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលជាអគ្គីសនីកម្ពុជា ជំនាន់ក្រោយទាំងអស់ ដែលបានធ្វើអគ្គិសនីកម្ពុជា ឲ្យមានការអភិវឌ្ឍន៍ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទាំងផ្នែកសេវាអតិថិជន ធ្វើប្រជាជនស្ទើរទូទាំងប្រទេស មានភ្លើងប្រើគ្រប់គ្រាន់មានគុណភាពល្អ និងថ្លៃសមរម្យ។
សូមបញ្ជាក់ថា នៅក្នុងឱកាសជួបជុំនិវត្តជនអគ្គសនីកម្ពុជា ក្នុងឆ្នាំ២០១៩នេះ លោក កែវ រតនៈ បានធ្វើការឧបត្ថម្ភថវិការជូនដល់និវត្តជនរបស់អគ្គីសនីកម្ពុជា ចំនួន៦២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៩០ម៉ឺនរៀល និងមានបំពាក់មេដាយការងារ និងបណ្ណសរសើរជូនដល់និវត្តជនផងដែរ៕