(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អ្នកនាំក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការធ្វើនយោបាយប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស របស់ទណ្ឌិត សម រង្ស៊ី គឺជានយោបាយមួយធ្វើអត្តឃាតដោយខ្លួនឯង ជាសត្រូវព្រះមរមរាជវាំង រាជានិយម និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ការបញ្ជាក់បែបនេះរបស់លោក ជិន ម៉ាលីន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញបកស្រាយតាមផ្លូវច្បាប់ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ករណីប្រមាថព្រះមហាក្សត្រ» នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាដូច្នេះថា៖ «អញ្ចឹងអានេះ គឺជាចរិកនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ហើយការធ្វើនយោបាយ របស់គាត់របៀបនេះ គឺជាការធ្វើអត្តឃាតនយោបាយ ខ្លួនឯង ពីព្រោះពេលមុនគាត់បានយកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើជាសត្រូវ ក៏ប៉ុន្តែពេលនេះ មិនមែនតែយកគណបក្ស ប្រជាជនកម្ពុជា គឺយកអង្គព្រះមហាក្សត្រ ព្រះមរមរាជវាំង រាជានិយម និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាសត្រូវផងដែរ អញ្ចឹងនេះជានយោបាយអត្តឃាត របស់ទណ្ឌិត សម រង្ស៊ី ដែលពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ»។
លោក ជិន ម៉ាលីន បានបន្ថែមទៀតថា ការប្រមាថដល់អង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៊ី ម្តងហើយម្តងទៀត គឺបានបំពានទៅលើ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៤៣៧ស្ទួន ពីបទប្រមាថដល់អង្គព្រះមហាក្សត្រ ដោយបានបំពានលើរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់កម្ពុជា មាត្រា៧ និងមាត្រា៨ ហើយផ្អែកទៅលើស្មារតីនៃរដ្ឋធម្មនុញ្ញនេះ ការប្រមាថដល់អង្គព្រះមហាក្សត្រ គឺជាការប្រមាថ ដល់ជាតិសាសន៍ សេចក្តីថ្លៃថ្នូរ ប្រជាតិកម្ពុជាទាំងមូលតែម្តង ត្រង់ចំណុចនេះប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស មិនអាចទទួលយកបាន ដូច្នេះ ស្ថានពាក់ព័ន្ធនឹងចាត់វិធានការច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី មិនអាចឱតឱនឱ្យបាននោះទេ។
ពាក់ព័ន្ធនឹងការប្រមាថដល់អង្គព្រះមហាក្សត្រ ពីសំណាក់ទណ្ឌិត សម រង្ស៊ីននេះ លោក ជិន ម៉ានលីន បានបន្តថា បើសម្លឹងមើល ទៅលើចំណុចនយោបាយទណ្ឌិត សម រង្ស៊ី តែងតែធ្វើបែបនេះនាពេលកន្លងមក ពីព្រោះ ហើយវាមិនែមនជាបទល្មើសលើកទី១ ដែលទណ្ឌិត សម រង្ស៊ី បានទទួលរងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ហើយសាលក្រមបានចូលជាស្ថាពរមួយករណីហើយ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ព្រមទាំងនៅសំណុំរឿងចំនួន១៤ផ្សេងទៀត ដែលទណ្ឌិត សម រង្ស៊ី នៅជាប់ពាក់ព័ន្ធ និងមានសំណុំរឿងខ្លះបានចប់ជាស្ថាពរ និងសំណុំរឿងខ្លះ កំពុងតែបន្តនីតិវិធីតាមផ្លូវច្បាប់ផងដែរ។
លោក ជិន ម៉ាលីន បានបញ្ជាក់បន្ថែមទៀតថា៖ «អញ្ចឹងនេះ គឺជាចរិកនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ដែលគាត់តាំងពីដើមមក គឺធ្វើអ្វីគ្រប់យ៉ាងបានទាំងអស់ ឱ្យតែបានអំណាច ផលប្រយោជន៍ផ្ទាល់ខ្លួន នងបក្ខពួករបស់ខ្លួន សូម្បីតែការបំផ្លាញជាតិសាសន៍ខ្លួនឯង ការបំផ្លាញកិត្តិយស របស់រាជានិយម ការបំផ្លាញកិត្តិយសរបស់ព្រះមហាក្សត្រ ក៏គាត់ហ៊ានធ្វើដែល ដើម្បីផលប្រយោជន៍នយោបាយ ផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកខ្លួន សូម្បីតែឱនក្បាលចំពោះបរទេស និងសុំអង្វរបរទេសឱ្យដាក់ទណ្ឌកម្ម ធ្វើបាបដល់ប្រជាជាតិ និងប្រជាពលរដ្ឋ ក៏គាត់សុខចិត្តធ្វើដែរ»។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើ អង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ងរបស់ទ្រង់។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ពាក់ព័ន្ធនឹងករណីនេះ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានចេញដីកាមួយបង្គាប់ឱ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ចំពោះករណីប្រមាថអង្គព្រះមហាក្សត្រនេះផងដែរ៕