(កំពង់ធំ)៖ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ បានចេញមកច្រានចោលការចោទប្រកាន់របស់អាជីវកររកស៊ីដឹកត្រីលក់ ដែលត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្រ្តីរដ្ឋបាលជលផល ឃាត់កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។

មន្រ្តីនគរបាលនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះថា កាលពីព្រឹកម្សិលមិញ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ពិតជាបានឃាត់រថយន្តដឹកត្រីមួយគ្រឿងមែន នៅផ្លូវវៀងក្រុង ក្រោមការបញ្ជាពីសំណាក់ស្នងការ និងព្រះរាជអាជ្ញាផងដែរ។ មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ក្រោយការឃាត់រួចមក ខាងថ្នាក់លើឲ្យសហការជាមួយមន្រ្តីជលផល ដើម្បីពិនិត្យមើលលិខិតស្នាមផ្សេងៗ។

មួយសន្ទុះក្រោយមក មន្រ្តីជលផលលោក យ៉ត យ៉ាន ថ្នាក់នាយរងសង្កាត់រដ្ឋបាលជលផល បានមកដល់ ដើម្បីធ្វើការត្រួតពិនិត្យទាំងអស់គ្នា ប៉ុន្តែភ្លាមៗនោះអ្នកបើករថយន្តមិនទាន់ មានលិខិតស្នាមនោះឡើយ លុះមួយសន្ទុះក្រោយមកទៀត ក៏មានអ្នកបើករថយន្តយកលិខិតទាំងនេះមកបង្ហាញ ហើយឃើញថា មានតែលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនផល ផលិតជលផលនាំចេញ ដែលត្រូវនឹងមន្រ្តីជលផល ប៉ុន្តែលិខិតមន្រ្តីគយវិញ មិនមាននោះឡើយ។

បើតាមមន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់លិខិតរបស់ក្រសួងពាណិជ្ជកម្មនោះ ក៏ហួសសុពលភាពផងដែរ ប៉ុន្តែក្រោយការសម្របសម្រួល និងដោះស្រាយរួចមក ក៏បានអនុញ្ញាតឲ្យបន្តដំណើរ។

សូមបញ្ជាក់ថា ការចេញមកប្រតិកម្មបែបនេះ បន្ទាប់ពីរថយន្តដឹកត្រីម៉ាកវេអង ១គ្រឿង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ចាប់ ដោយសំអាងថា គ្មានច្បាប់អនុញ្ញាត ដែលធ្វើម្ចាស់ត្រីមានប្រតិកម្មយ៉ាងខ្លាំង ដោយបញ្ជាក់ថា ការធ្វើឡើងដោយស្មានៗ មិនគិតពីការខូចខាតផលប្រយោជន៍ និងពេលវេលារបស់គាត់ ដោយគាត់រកស៊ីនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានកាតព្វកិច្ចបង់ពន្ធចូលរដ្ឋតាមផ្លូវច្បាប់ទៀតផង។

ម្ចាស់ត្រី នៃរថយន្តនេះបានចោទប្រកាន់ថា បើគ្រាន់តែបង្ក្រាបស្មានៗ មានចរិតបែបនេះ មិនសមជាសមត្ថកិច្ចអនុវត្តន៍ច្បាប់នោះទេ។ លោក យ៉ត យ៉ាន នាយរងសង្កាត់រដ្ឋបាលជលផល ក្រុងស្ទឹងសែន ដែលមានវត្តមាននៅក្នុងការឃាត់ រថយន្តដឹកត្រីនេះដែរ បានប្រាប់ឲ្យដឹងថា ម្ចាស់រថយន្តមានច្បាប់ត្រឹមត្រូវ ដែលខាងជំនាញរដ្ឋបាលជលផល មិនហ៊ានឃាត់គេទុកនោះទេ។

លោកបញ្ជាក់ថា មូលហេតុដែលក្រុមនគរបាលសេដ្ឋកិច្ច ឃាត់រថយន្តដឹកត្រីនេះ គឺពីដំបូង និងក្នុងពេលឃាត់រថយន្តនេះ គឺរថយន្តនេះគ្មានច្បាប់អ្វីទាំងអស់ ដើម្បីបង្ហាញសមត្ថកិច្ច ក្រោយមក ទើបអ្នកកាន់ឯកសារច្បាប់យកច្បាប់មកឲ្យ។

ក្រោយពីពិនិត្យឃើញថា ត្រឹមត្រូវតាមផ្លូវច្បាប់ហើយ រថយន្តនោះក៏ត្រូវបានដោះលែងទៅវិញ ក្នុងពេលវេលាបន្ទាប់នោះដែរ៕