(ភ្នំពេញ)៖ លោក Marek Libricky ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឆែក នៅពេលខាងមុខនេះ គឺផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ទៀតថា ឆែកបានជ្រើសរើសយកកម្ពុជា ជាប្រទេសមួយក្នុងចំណោម៦ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍថ្មីនេះ។ នេះបើយោងតាមការប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីពីជំនួបរវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតឆែក ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា៖ «ប្រទេសឆែកបានជ្រើសរើសយកកម្ពុជា ជាប្រទេសមួយនៅក្នុងចំណោមប្រទេស៦ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នេះ ដោយផ្អែកទៅលើគោលការណ៍ភាពជាដៃគូ។ នេះជាកិច្ចសហប្រតិបត្តិការថ្មីមួយ ដែលខុសអំពីកិច្ចសហប្រតិបត្តិការផ្តល់ជំនួយអភិវឌ្ឍន៍កន្លងមក»។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងទៀតថា នឹងមានគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមមាន សុខាភិបាល កសិកម្ម ការពារជាតិ អាកាសចរណ៍ បរិស្ថាន ទឹកស្អាត ស្ថានីយ៍ចម្រោះទឹកកខ្វក់ ទេសចរណ៍បៃតង។ល។ និងសម្រាប់វិស័យសុខាភិបាល ភាគីឆែកមានគម្រោងបើកមន្ទីរពេទ្យទំនើបមួយនៅពេលខាងមុខ ហើយដែលបច្ចុប្បន្ននេះ ភាគីឆែកកំពុងតែពិភាក្សា លើកិច្ចសហប្រតិបត្តិការនេះ ជាមួយនឹងភាគីកម្ពុជាក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការណ៍អភិវឌ្ឍថ្មីនេះ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា កម្ពុជាមានវិស័យអាទិភាពប្រកបដោយសក្តានុពលច្រើន ក្នុងការវិនិយោគផ្ទាល់ពីវិនិយោគិនបរទេស។ លោកបានស្វាគមន៍គំនិតផ្តួចផ្តើមដ៏ល្អ របស់ភាគីឆែកក្នុងការរួមគ្នាជាដៃគូ សាងសង់មន្ទីរពេទ្យមួយ ដែលមានគុណភាពនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការថែទាំសុខភាពរបស់ប្រជាជន៕