(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងរថយន្ដដឹកជញ្ជូនអ្នកដំណើរ ដែលកំពុងប្រតិបត្តិការ សូមមេត្តាកុំដំឡើងថ្លៃសេវា ក្នុងការដឹកជញ្ជូនភ្ញៀវទៅលេងស្រុកកំណើត ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ។
យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋកម្មករ, កម្មការិនី និងអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលចង់សម្រួលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ទៅលេងស្រុកកំណើតរៀងរាល់ឆ្នាំ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវយ៉ាងទទួលជាថ្មី ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដប្រកបអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ៖
១៖ សូមមេត្តារក្សាតម្លៃដឹកជញ្ជូនដដៃល ដោយកុំដំឡើងថ្លៃ។
២៖ សូមម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដណែនាំដល់បុគ្គលិក និងអ្នកបើកបររបស់ខ្លួន កុំឲ្យផ្ទុកអ្នកដំណើរលើសចំណុះ និងបើកបរត្រូវគោរពច្បាប់។
៣៖ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី មេត្តាកុំជិះប្រជ្រៀតគ្នា ជិះលើសចំណុះ ឬជិះលើដំបូលរថយន្ដឈ្នួល ចៀសវាងគ្រោះថ្នាក់កើត ឡើងជាយថាហេតុផ្សេងៗ៕
សូមអានសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖