(ភ្នំពេញ)៖ អតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បានចាត់ទុកថា ទង្វើរបស់ លោក សម រង្ស៉ី ដែលប្រមាថអង្គព្រះមហាក្សត្រ និងអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងកាន់តែធ្វើឱ្យលោក សម រង្ស៉ី ខកខ្លួនកាន់តែជ្រៅ ហើយសហគមន៍អន្តរជាតិ នឹងមិនគាំទ្រទង្វើនេះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ទង្វើទាំងពីរនេះធ្វើឱ្យខ្លួនលោក សម រង្ស៉ី ឃ្លាតឆ្ងាយពីច្បាប់ទៅវិញទេ ហើយអាចសហគមន៍អន្តរជាតិ គេមិនគាំទ្របែបហ្នឹងផង អន្តរជាតិគេគាំទ្រទង្វើណាដែលជាដំណោះស្រាយដោយសន្តិវិធី»។
លោក សម រង្ស៉ី បានប្រកាសត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសវិលត្រឡប់នេះ លោកបានញុះញង់ឱ្យប្រជាពលរដ្ឋងើបប៉ះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយបានអំពាវនាវដល់កងទ័ព ឱ្យចុះចូលជាមួយលោក ដោយសន្យាថាមានកញ្ចប់ថវិកាសម្រាប់ពួកគេ។ ជាមួយគ្នានេះ លោក សម រង្ស៉ី ក៏បានដាក់ចេញនូវយុទ្ធនាការជាបន្តបន្ទាប់ ប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរ បណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ជនរួមជាតិ។
លោក អ៊ូ ច័ន្ទរ័ត្ន បានចំអកថា ការអំពាវនាវឱ្យកងទ័ពងាកចេញពីរាជរដ្ឋាភិបាលសព្វថ្ងៃ គឺគំនិតស្រមើលស្រមៃ ដែលមិនអាចទៅរួចឡើយ ហើយជាល្បែងមួយ ដែលនាំគ្រោះថ្នាក់ សម្រាប់អ្នកគាំទ្រផងដែរ។ ដោយឡែក ចំពោះការប្រមាថអង្គព្រះមហាក្សត្ររបស់ លោក សម រង្ស៉ី គឺជាការប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលបានចែងតាំងពីបង្កើតឡើងឆ្នាំ១៩៩៣ម្ល៉េះ។
គិតរហូតមកទល់ពេលនេះ ទណ្ឌិត សម រង្ស៉ី កំពុងញុះញីដោយសំណុំរឿងជាច្រើន នៅក្នុងដៃតុលាការ។ បើតាម លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ គឺពេលនេះ លោក សម រង្ស៉ី មានសំណុំរឿងនៅតុលាការចំនួន១៤ករណី ក្នុងនោះមាន៦សំណុំរឿងហើយ ដែលសាលក្រមបានចូលជាស្ថាពរផងដែរ។
ដោយឡែកចំពោះករណីប្រមាថអង្គព្រះមហាក្សត្រថ្មីៗនេះវិញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក កូយ សៅ អនុប្រធាន និងចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀត បង្គាប់ឲ្យសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងនាំខ្លួន ទណ្ឌិត សម រង្ស៉ី ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ផងដែរ៕