(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺជាខួបទី២៦ឆ្នាំ ដែលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញនៃកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់កម្ពុជា ហើយច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ចំណុចសំខាន់ៗ បំផុតមួយចំនួន ដែលបានចែងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជា កម្ពុជា ត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍ នៃការបែងចែកអំណាច ដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងដែលសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ៖
«អបអរសាទរខួប ២៦ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញកម្ពុជា។ នៅថ្ងៃទី២៤កញ្ញានេះ គឺជាខួបទី ២៦ឆ្នាំ ដែលកម្ពុជាបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ផ្តើមចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺកម្ពុជាបានផ្លាស់ប្តូរចូល ទៅក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយ ដោយមានការឯកភាពផ្ទៃក្នុង ការដោះស្រាយបញ្ហានយោបាយ ដោយកម្ពុជា បានឯកភាពគ្នារៀបចំការបោះឆ្នោត នៅក្នុងខែឧសភា ឆ្នាំ១៩៩៣ ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ បន្ទាប់មក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រ នៅក្នុងឆ្នាំ១៩៩៣។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ។ នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលមកដល់ឆ្នាំ២០១៩ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុកាល២៦ឆ្នាំហើយ។
រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំណុចសំខាន់ៗ បំផុតមួយចំនួនដែលបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញមានដូចជាកម្ពុជាត្រូវគោរពដាច់ខាតនូវ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របបប្រជាធិបតេយ្យសេរីពហុបក្ស ហើយរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិប្បញ្ញត្តិ, នីតិប្រតិបត្តិ និងតុលាការហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម»៕