(ភ្នំពេញ)៖ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា ដែលបង្កើតឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ អាចធ្វើវិសោធនកម្មបានស្ទើគ្រប់ចំណុច ក្រោមសំឡេងគាំទ្រ ២ភាគ៣ នៃសមាជិកសភាទាំងមូល ប៉ុន្តែទោះជាយ៉ាងនេះក្តីមានគោលការណ៍គ្រឹះចំនួន២ ដែលមិនអនុញ្ញាតឱ្យធ្វើវិសោធនកម្មបានឡើយ ទោះបីជាមានសំឡេងគាំទ្រដល់ទៅ ២ភាគ៣ ឬលើសពីនេះក៏ដោយ។
គោលការណ៍គ្រឹះទាំងពីររបស់រដ្ឋធម្មនុញ្ញកម្ពុជានោះ គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងការប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការកែប្រែនូវគោលការណ៍ គ្រឹះទាំងពីរនេះ ប្រៀបដូចជាការសម្លាប់រដ្ឋធម្មនុញ្ញដែរ ឬអាចហៅម្យ៉ាងទៀតថា រដ្ឋប្រហារធម្មនុញ្ញ។
មាត្រា១៥៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រយៈពេល២៦ឆ្នាំមកនេះគ្រប់ស្ថាប័នរដ្ឋបានគោរពតាម គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ បានយ៉ាងខ្ជាប់ខ្ជួន ជាពិសេសគ្រប់ស្ថាប័នបានធ្វើការការពារ ការគោរពរដ្ឋធម្មនុញ្ញនេះ បានយ៉ាងម៉ឺងម៉ាត់ រួមទាំងមានការអនុវត្តច្បាប់ ចំពោះជនទាំងឡាយណាដែលរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ ដូចជាការរំលោភបំពានលើគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ រួមមានការប្រមាថអង្គព្រះមហាក្សត្រ អង្គព្រះមហាក្សត្រ ការប្រមាថដល់រាជានិយមកម្ពុជា ការធ្វើសកម្មភាពក្នុងគោលដៅបំផ្លិចបំផ្លាញប្រជាធិបតេយ្យ នីតិរដ្ឋ នៅកម្ពុជាជាដើម។
លោកបញ្ជាក់ថា «ចំណុចទាំង២នេះ ជាគោលការណ៍គ្រឹះ នៃប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជា ហើយការកែប្រែដែលប៉ះពាល់ដល់គោលការណ៍ទាំងពីរនេះ អាចនាំឱ្យមានភាពចលាចល ក៏ដូចជាមហន្តរាយដល់សង្គមជាតិយើង ដូចយើងធ្លាប់ឃើញបទពិសោធន៍ការបែកបាក់ សង្គ្រាមស៊ីវិល មហន្តរាយដែលកើតមានក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលចេញពីការផ្លាស់ប្តូរ កែប្រែនូវគោលការណ៍ទាំងពីរនេះ»។
លោកបញ្ជាក់បន្តថា៖ «ការទាមទារ ឬការកែប្រែដែលប៉ះពាល់ដល់គោលការណ៍គ្រឹះទាំងពីរនេះអាចចាត់ទុកថា ជារដ្ឋប្រហារធម្មនុញ្ញ»។
គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ រដ្ឋធម្មនុញ្ញ ដែលមាន១៧ជំពូក និង១៦០មាត្រា បានធ្វើវិសោធនកម្ម០៩ លើកមកហើយ គឺលើកទី១ ធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៤, លើកទី២ ខែមីនា ឆ្នាំ១៩៩៩, លើកទី៣ ខែកក្កដា ឆ្នាំ២០០១, លើកទី៤ ខែមិថុនា ឆ្នាំ២០០៤, លើកទី៥ ខែឧសភា ឆ្នាំ២០០៥ លើកទី៦ ខែមីនា ឆ្នាំ២០០៦, លើកទី៧ ខែ មករា ឆ្នាំ២០០៨ លើកទី៨ ខែតុលា ឆ្នាំ២០១៤ និងលើកទី៩ នៅខែកុម្ភៈ ឆ្នាំ២០១៨៕