(កំពត)៖ យុវតីដែលជាសិស្សរៀននៅវិទ្យាល័យមួយ ក្នុងខេត្តកំពត បានធ្វើការជំទាស់ដាច់ខាតដោយមិនព្រមឲ្យទណ្ឌិត សម រង្ស៉ី វិលត្រឡប់ចូលមកប្រទេសកម្ពុជានោះទេ។ យុវតីរូបនេះ ក៏បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដែលទណ្ឌិតរូបនេះ ហ៊ានជេរប្រមាថព្រះចេស្ដារ ព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សិស្សវិទ្យាល័យរូបនេះ ក៏បានពន្យល់ទៅកាន់លោក សម រង្ស៉ី ថា ព្រះមហាក្សត្រ ក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា មិនអាចមាននរណាម្នាក់ ហ៊ានប៉ះពាល់បាននោះឡើយ ដូច្នេះទណ្ឌិត សម រង្ស៉ី ត្រូវតែហ៊ានទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើផ្ទុយនឹងច្បាប់ជាតិ។
យុវតីរូបនេះ បាននិយាយយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាសិស្សវិទ្យាល័យ នៅក្នុងខេត្តកំពតម្នាក់ ក៏ដូចជាយុវជនម្នាក់ ខ្ញុំសូមជំទាស់ដាច់ខាត គឺអត់ឲ្យលោក សម រង្ស៉ី ត្រឡប់មកនៅប្រទេសកម្ពុជាវិញទេ ដោយសារលោកមានការជេរប្រមាថ មើលងាយព្រះមហាក្សត្រខ្មែរ ដែលរដ្ឋធម្មនុញ្ញអត់មាន អ្នកណាហ៊ាន ប៉ះពាល់នោះទេ។ បើសិនជាលោកត្រឡប់មកប្រទេសកម្ពុជា គឺលោកត្រូវជាប់គុកជាដាច់ខាត [...] លោកឯងអត់មានបានធ្វើអីទេ ចឹងមិនបាច់ ចង់មកប្រទេសកម្ពុជាទេ បើមកត្រូវតែជាប់គុក តែយកល្អមិនបាច់ត្រឡប់មកទេ ហើយកុំមិនបាច់មានគំនិតមកផ្ដួលរំលំសម្ដេចពុកនោះទេ គឺអត់មានយុវជនណាគាត់ពេញចិត្តទេ»។
សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។
សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត៕