(ភ្នំពេញ)៖ នៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខ រាជរដ្ឋាភិបាលពិតជាមានការគាំទ្រ និងលើកទឹកចិត្តដល់ការចាប់ផ្តើមអាជីវកម្មរបស់យុវជនក្នុងវិស័យទេសចរណ៍។
សារលិខិតបានបន្តថា នាពេលបច្ចុប្បន្ននេះ និន្នាការទេសចរណ៍ថ្មីៗក្នុងសកលលោក ដូចជាទេសចរណ៍ម្ហូបអាហារ ទេសចរណ៍សុខភាពនិងព្យាបាលជំងឺ ទេសចរណ៍បែបផ្សងព្រេង ទេសចរណ៍សាសនា និងទេសចរណ៍បើកបរដោយខ្លួនឯងជាដើមនោះ កំពុងតែបង្កើតកាលានុវត្តភាពបន្ថែមទៀតដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងការចាប់យកជំនាញនិងការងារថ្មីៗ ក៏ដូចជាបង្កើតអាជីវកម្មខ្នាតតូចនិងមធ្យមបន្ថែមទៀត សំដៅឆ្លើយតបទៅនឹងកំណើននៃតម្រូវការទាំងនេះ។
ក្នុងសារលិខិតដដែលបានបន្ថែមទៀតថា សាកលភាវូបនីយកម្ម និងឧស្សាហកម្ម ៤.០ ពិតជាបានផ្តល់នូវកាលានុវត្តភាពដ៏ធំធេងក្នុងវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យយុវជនវ័យក្មេងត្រូវចេះចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ទាំងនៅទីក្រុង និងថ្នាក់សហគមន៍។
ជាការកត់សម្គាល់ យុវជនជាប្រភពនៃការបង្កើតថ្មី និងនវានុវត្តន៍ ដែលចូលរួមដល់ការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍។
សូមជម្រាបថា រយៈពេល២០ឆ្នាំចុងក្រោយនេះ បន្ទាប់ពីទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពពេញផ្ទៃប្រទេស និងការរួបរួមជាតិពីគ្រប់ភាគី វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ម៉ឺននាក់ នៅឆ្នាំ១៩៩៨ រហូតដល់ ៦.២លាននាក់ នៅឆ្នាំ២០១៨ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦២ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ថែមទៀត។
បច្ចុប្បន្ន ដោយមានកំណើនសេដ្ឋកិច្ចខ្ពស់ និងផលចំណូលរបស់ពលរដ្ឋមានការកើនឡើង កម្ពុជាក៏បានក្លាយជាប្រភពទីផ្សារទេសចរណ៍សម្រាប់ពិភពលោកផងដែរ ដោយឆ្នាំ២០១៨ ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ២លាននាក់ បានដើរកម្សាន្តទៅក្រៅប្រទេស កើនឡើង ១៣.៩% ធៀបនឹងឆ្នាំ២០១៧។ នេះបង្ហាញថា ភាពរីកចម្រើននៃប្រទេសមួយ ក៏បានផ្តល់ផលប្រយោជន៍ដល់ប្រទេសផ្សេងៗទៀត តាមរយៈវិស័យទេសចរណ៍ផងដែរ៕