(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាប និងឃាត់ខ្លួនបុរសជនជាតិចិន៦នាក់ ពីបទចាប់បង្ខាំងបុរសជនជាតិចិន៤នាក់ផ្សេងទៀត ដោយខុសច្បាប់ និងជំរិតទារប្រាក់ដោយប្រើទារុណកម្ម នៅក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែតុលានេះថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១២៖៤៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបុរីសុខសាន្ដ ស្ថិតក្នុងក្រុម១៤ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍បន្តថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតសម្ភារ និងវត្ថុតាង ទូរស័ព្ទដៃចំនួន៦គ្រឿង, ខ្នោះដៃចំនួន៤គូ, ពិលឆក់ចំនួន១, អត្តសញ្ញាណប័ណ្ណចិនចំនួន១, កាតធនាគារចំនួន១, ខ្សែចំណងជរ័មួយចំនួន, រថយន្តចំនួន១គ្រឿង, ប្រាក់ចំនួន១៥០០ដុល្លារ។ ចំពោះជនសង្ស័យទាំង៦នាក់ និងវត្ថុតាង បច្ចុប្បន្នការិយាលយជំនាញ កំពុងអនុវត្តតាមនីតិវិធី៕