(ភ្នំពេញ)៖ ប៉ុន្មានម៉ោងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី បដិសេធមិនហ៊ានភ្នាល់ជាមួយខ្លួន លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នៅម៉ោងជាង១១៖៣០នាទី ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានចំអកឱ្យ ទណ្ឌិត សម រង្ស៉ី ដែលមិនហ៊ានចេញមុខការពារនូវអ្វីដែលលោកបាននិយាយ។ លោកចាត់ទុកថា ការដកថយរបស់លោក សម រង្ស៉ី នាពេលនេះ បានបង្ហាញអំពីកម្រិតនៃភាពក្លាហានរបស់ លោក សម រង្ស៉ី ក្នុងការការពារសម្តីរបស់ខ្លួនតែម្តង។
លោក ហ៊ុន ម៉ាណែត បានលើកឡើងលើ Facebook យ៉ាងដូច្នេះថា៖ «ពាក្យថា មិនចាំបាច់ភ្នាល់ គឺមានន័យស្មើនិង មិនហ៊ានភ្នាល់ :)។ កាលពីម្សិលមិញ ខ្ញុំបានចោទសួរទៅ លោក សម រង្ស៉ី ថាតើលោកហ៊ាន ឬមិនហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីការពារពាក្យសម្តីដែលលោកបាននិយាយជាសាធារណៈទាក់ទងរឿងសញ្ញាបត្រ West Point របស់ខ្ញុំ។ សូមអរគុណលោក សម រង្ស៉ី ដែលបានផ្តល់ចម្លើយដែលបញ្ជាក់ពី កម្រឹតនៃភាពក្លាហានរបស់លោកក្នុងការការពារពាក្យសម្តីរបស់លោក»។
លោកបានបន្តថា «លោក សម រង្ស៉ី បានឆ្លើយថា មិនចាំបាច់ភ្នាល់ទេ គឺមានន័យស្មើនឹង លោក សម រង្ស៉ី មិនហ៊ានភ្នាល់ !!! ពោលគឺមិនហ៊ានចេញមុខ ការពារនូវអ្វីដែលខ្លួនលោកបាននិយាយនោះទេ។ ការនិយាយថា មិនចាំបាច់ភ្នាល់ ឬការព្យាយាមបង្វែរប្រធានបទពីការការពារអំណះអំណាងរបស់លោក ចេញពីប្រធានបទសញ្ញាបត្រនៅសាលា West Point ទៅជាប្រធានបទផ្សេង អ្នកណាក៏អាចយល់បានថាជាវិធីសាស្ត្រដកថយ ដែលសូម្បីតែក្មេងក៏អាចយល់បានដោយងាយដែរ។ ខ្ញុំសុំមិននិយាយទៀតទេ ដោយខ្ញុំមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ដូច្នេះមិនមានពេលកំដរលោក សម រង្ស៉ី ឆ្លើយឆ្លងរឿងអ្វីដែលលោកនិយាយហើយមិនហ៊ានការពារនោះទៀតទេ។ សូមទុកជូនមហាជនលោកវិនិច្ឆ័យចុះ!» ។
សាររបស់ លោក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ពុំហ៊ានភ្នាល់ តាមការបបួលរបស់លោក ក្រោយពីចោទថា សញ្ញាបត្រយោធាពី សាកលវិទ្យាល័យ West Point របស់ លោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រក្លែងក្លាយ។
លោក សម រង្ស៉ី បានបដិសេធការភ្នាល់នេះ តាមរយៈបណ្តាញសង្គម Facebook របស់លោក កាលពីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ ដោយសរសេរយ៉ាងដូច្នេះថា៖ «ចំណេះដឹង និងជំនាញពិតប្រាកដ ត្រូវបង្ហាញតាមរយៈស្នាដៃជាក់ស្តែង និងស្មារតីទទួលខុសត្រូវ មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នា ដូចកូនក្មេងទេ»។
ចំពោះការភ្នាល់នេះ លោក ហ៊ុន ម៉ាណែត បានដាក់លក្ខខណ្ឌ២ចំណុច គឺថា បើសិនជា សាលា West Point ពិតជាមានការបែងចែកស្តង់ដារខុសគ្នារវាង និស្សិតយោធាបរទេស និងអាមេរិកមែនដូច លោក សម រង្ស៉ី និយាយមែននោះ លោកនឹងលាលែងតួនាទីទាំងអស់ ប៉ុន្តែបើលោក សម រង្ស៉ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រ២ប្រភេទដែលមានតម្លៃខុសគ្នាទេ សូមឲ្យលោក សម រង្ស៉ី លាឈប់ពីនយោបាយជារៀងរហូត៕