(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាតិកម្ពុជា ដែលបម្រើជាតិ និងប្រជាជនកម្ពុជា ប្រមាណ៣១ឆ្នាំមកហើយនោះបានប្រកាសថា លោកប្រឆាំងដាច់ខាតចំពោះទង្វើរបស់ ទណ្ឌិត សម រង្ស៉ី ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។ មន្ដ្រីនគរបាលរូបនេះ បានអះអាងទៀតថា លោកក៏សូមប្រកាសថ្កោសទោសបុគ្គល សម រង្ស៉ី ដែលគឃ្លើនហ៊ានប្រមាថព្រះចេស្ដារព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពង់បំផុត។
ក្នុងនាមជាមន្ដ្រីនគរបាលម្នាក់ ដែលស្មោះស្ម័គ្របម្រើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកបានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី កុំមកចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ឬញុះញង់ឲ្យកងកម្លាំងប្រឆាំងរាជរដ្ឋាភិបាលឲ្យសោះនោះ គឺមិនអាចទៅរួចនោះទេ ពោលកងកម្លាំងប្រដាប់អាវុធទាំងអស់ គាំទ្ររដ្ឋាភិបាលស្របច្បាប់ និងត្រៀមចាប់ខ្លួនសម រង្ស៉ី គ្រប់ពេលបើហ៊ានចូលស្រុកខ្មែរ។
មន្ដ្រីនគរបាលរូបនេះ បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំជាសមត្ថកិច្ចដែលបម្រើជាតិ៣១ឆ្នាំមកហើយ ខ្ញុំប្រឆាំងដាច់ខាតជាមួយ សម រង្ស៉ី ដែលជេរប្រមាថព្រះមហាក្សត្រ និងចង់ផ្ដួលរំលំធ្វើរដ្ឋប្រហារសម្ដេចតេជោ ហ៊ុន សែន គឺខ្ញុំមិនអនុគ្រោះឲ្យនោះទេ ព្រោះសន្ដិភាពមានយូរមកហើយ កុំមកចង់ផ្ដួលរំលំ ហើយញុះញង់កងកម្លាំងឲ្យមានបញ្ហាជាមួយរដ្ឋាភិបាល គឺដាច់ខាតកងកម្លាំងនគរបាលទាំងមូលគាំទ្ររដ្ឋាភិបាលស្របច្បាប់ទាំងស្រុង ហើយបើសម រង្ស៉ី ហ៊ានចូលគឺសម រង្ស៉ី ជាទណ្ឌិត ច្បាប់មានចាប់ខ្លួនសម រង្ស៉ី តែម្ដង»។
សូមជំរាបថា នៅក្នុងកិច្ចសម្ភាសន៍វិទ្យុអាស៊ីសេរី (RFA) នាយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ, សម្តីជនថោកទាប ក្បត់ជាតិសាសន៍ ក្បត់ព្រះមហាក្សត្រគឺទណ្ឌិត សម រង្ស៉ី បានបន្តប្រមាថព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៃរាស្រ្តខ្មែរ យ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងកម្មវិធី Hello VOA ដោយប្រើពាក្យប្រមាថធ្ងន់ៗបំផុត។
សម្តីជនថោកទាប សម រង្ស៉ី បាននិយាយយ៉ាងដូច្នេះថា៖ «...ព្រះមហាក្សត្រមិនដែលបើកព្រះនេត្រ ឃើញទុក្ខវេទនារបស់ប្រជារាស្រ្តខ្មែរទេ ព្រះមហាក្សត្រសព្វថ្ងៃ ដូចខ្ញុំនិយាយម្តងទៀត ចង់កាត់ទោសខ្ញុំមួយម៉ឺនដងទៀត អត់ខ្វល់ដែរ ព្រះមហាក្សត្រសព្វថ្ងៃ ជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃជាអាយ៉ងរបស់ ហ៊ុន សែន ព្រះមហាក្សត្រសព្វថ្ងៃ ធ្វើអ្វីតាមដែល ហ៊ុន សែន បញ្ជាឲ្យព្រះអង្គធ្វើទាំងអស់ ដូច្នេះព្រះមហាក្សត្រសព្វថ្ងៃ ជាព្រះមហាក្សត្រអត់បានការ អត់ប្រយោជន៍ ខ្ញុំអត់ចាប់អារម្មណ៍ អត់គោរពព្រះមហាក្សត្រសព្វថ្ងៃ....»។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»។
ជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដើម្បីប្រឆាំង និងផ្តួលរបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត៕