(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះថា យុទ្ធនាការលើកម្រាម៩ ជាយុទ្ធនាការគាំទ្រផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលសមត្ថកិច្ចអាចចាត់វិធានការតាមច្បាប់លើអ្នកចូលរួមលើយុទ្ធនាការនេះ។
លោក គឹម សន្តិភាព បានពន្យល់ថា ក្រុមមេខ្លោងរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បានបង្កើតយុទ្ធនាការលើកម្រាម៩ ដែលតាមការបញ្ជាក់របស់គេ គឺមានន័យថាគាំទ្រថ្ងៃវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី ៩ វិច្ឆិកា ដែលការពិតនោះមានន័យស្មើនឹងគាំទ្រថ្ងៃកំណត់របស់ក្រុមនេះ ដើម្បីមកធ្ចើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់! ហេតុនេះអ្នកចូលរួមក្នុងយុទ្ធនាការលើកម្រាម៩ គឺមានន័យថាចូលរួមគាំទ្រក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលត្រូវប្រឈមនឹងការផ្តន្ទាទោស (បទរួមគំនិតក្បត់) តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ! អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចអនុវត្តរាល់វិធានការច្បាប់ ទៅលើជនទាំងនោះ។
ទន្ទឹមនឹងការលើកឡើងបែបនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់បុគ្គលមួយចំនួន ដែលលង់ខ្លួនក្នុងចលនាប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ឱ្យដកខ្លួនមករាយការណ៍ជូនសមត្ថកិច្ច នោះបុគ្គលមួយចំនួននោះ នឹងទទួលបានការលើកលែងឱ្យរួចផុតពីការទទួលទោស តាមមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា ការចេញមុខមកបញ្ជាក់ផ្នែកច្បាប់ របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពី ក្រុមមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានដាក់ចេញនូវយុទ្ធនាការមួយទៀត ដោយបង្ហាញការគាំទ្រចំពោះសកម្មភាពវិលត្រឡប់របស់ លោក សម រង្ស៉ី នៅថ្ងៃ០៩ ខែវិច្ឆិកា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា។ ពួកគេបានលើកម្រាមដៃ៩ ថតបង្ហោះលើបណ្តាញសង្គម Facebook ដើម្បីជាសញ្ញាបង្ហាញការគាំទ្រ។
រាជរដ្ឋាភិបាល បានចាត់ទុកថា ផែនការវិលត្រឡប់ជាមួយនឹងការប៉ុនប៉ងផ្តួលរំលំនេះ គឺជារដ្ឋប្រហារខុសច្បាប់ ដែលមានចេតនាបំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា៕